24/01/22 10:05 AM
កំពង់ឆ្នាំង៖ ក្នុងពេលចុះពិនិត្យការចាក់ថ្នាំវ៉ាក់សាំងដុសទី៣ នៅមណ្ឌលសុខភាព ស្រុកទឹកផុស នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយពីគណៈបញ្ជាការឯកភាពខេត្តដាក់ផែនការជំរុញឱ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដុសទី៣ រួចមក យើងឃើញមានប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងមានចំនួនកើនឡើងគួរឲ្យមោទនៈ ។
លោកប្រធានមន្ទីរសុខាភិបាល បានបន្តថា មូលហេតុដែលបងប្អូនប្រជាពលរដ្ឋមិនចង់មកទទួលវ៉ាក់សាំងដុសទី៣ គឺមានកត្តាដូចជាពួកគាត់អាចខ្លាចប៉ះពាល់សុខភាព ដូចជាគ្រុនរងារគ្រុនក្តៅជាដើម ដែលពួកគាត់តែងតែឮតាមពាក្យចចាមអារ៉ាម ម៉្យាងទៀតប្រជាពលរដ្ឋយល់ ថា កូវីដបានស្ងប់ស្ងាត់ទៅវិញហើយ។ ទាំងអស់នេះគឺជាការយល់ច្រឡំ ព្រោះការស្ងប់ស្ងាត់មួយរយៈនេះក៏ ដោយសារពួកគាត់បានទទួលវ៉ាក់សាំងដុសទី២ដែរ ទាំងអស់នេះគឺជាការយល់ច្រឡំ។ ក្រសួងសុខាភិបាល បានជំរុញឲ្យមានការចាក់វ៉ាក់សាំងដុសទី៣ គឺជាដូសការពារមិនឲ្យពួកគាត់ឆ្លងជំងឺកូវីដចូលដល់ក្នុងសហគមន៍ ។
លោក ប្រាក់ វ៉ុន ក៍បានបញ្ជាក់ដែរ ថាក្រោយពីផែនការជំរុញដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញតាមគោលដៅរយៈពេល ៣ ថ្ងៃកន្លងទៅនេះបានឃើញថា ប្រជាពលរដ្ឋមាន សន្ទុះមកទទួលការចាក់វ៉ាក់សាំង បានកើនឡើងគួរកត់សម្គាល់។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដូស៍ទី៣ ជាដុសជំរុញ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល ៣ កុំ ៣ ការពារ ដើម្បីការពារ កុំឲ្យមានការរីករាលដាលជំងឺកូវីដចូល ក្នុងសហគមន៍របស់យើង៕