24/01/22 15:43 PM
កំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមនិងមន្ត្រីសាខា មន្រ្តីអនុសាខាស្រុកបរិបូណ៌ បានចុះសួសុខទុក្ខនិងនាំយកអំណោយ ជូនលោកយាយចាស់ជរាគ្មានទីពឹង ឈ្មោះ កែវ មុន្នី អាយុ ៨១ ឆ្នាំរស់នៅក្នុងដីចំណីវត្តក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។
ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខា ដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីចៀសវាងពីការគ្រោះថ្នាក់ផ្សេងៗ និងអនុវត្តអោយបានតាមការណែនាំក្រសួងសុខាភិបាល និងអនុសាសន៍សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ពីកូវីដ-១៩ បម្លែងខ្លួនថ្នីអូមីក្រុង។
អំណោយប្រគល់ជូនលោកយាយចាស់ជរាគ្មានទីពឹង រួមមាន អង្ករ ១០០គក. ត្រីខ ២យួរ. មីជាតិ ២កេស. ទឹកសិទ្ធ ២កេស .ទឹកផ្លែឈើ ១កេស . ឃីត ២ឈុត. ម៉ាស់ ២ ប្រអប់ . ថវិកា ១លានរៀលផងដែរ។
ចំណែកស្ត្រីម៉េម៉ាយក្រីក្រ ៣គ្រួសារ ទៀត នៅក្បែរផ្ទះលោកយាយ ដោយ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥ គីឡូ ,មី១កេស,ត្រីខ១០កំប៉ុង,ទឹកត្រី១យួរ ម៉ាស់១ប្រអប់ ,ថវិកាក្នុង១ គ្រួសារៗទទួលបាន៥ម៉ឺនរៀល។ ដោយឡែក គ្រួសារ ប្តីស្លាប់ក្រីក្រនៅម្នាក់ឯង ១១ ម៉ឺនរៀល៕