25/01/22 09:25 AM
កំពង់ឆ្នាំង៖ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រគល់ថ្នាំ និងសម្ភារពេទ្យសត្វ រួមមានថ្នាំវ៉ាក់សាំងដុំពកស្បែក ថ្នាំព្យាបាល និងសម្ភារ បសុពេទ្យមួយចំនួនប្រគល់ជូនដល់ពេទ្យសត្វក្រុង-ស្រុកទាំង៨ ក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះ លោក ងិន ហ៊ុន ក៏បានសំណេះសំណាល ជាមួយការិយាល័យពេទ្យសត្វក្រុង-ស្រុកទាំង៨ ដើម្បីពង្រឹងការងារជំនាញដល់មន្ត្រីនៅតាមបណ្តាក្រុង-ស្រុកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ងិន ហ៊ុន បានផ្ដាំផ្ញើដល់ក្រុមការងារមន្ត្រីជំនាញទាំងអស់នៅតាមបណ្ដាក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ ចុះផ្សព្វផ្សាយនិងយកព័ត៌មានឲ្យបានច្បាស់លាស់ អំពីបញ្ហាសត្វឈឺនៅតាមមូលដ្ឋានរបស់ប្រជា ពលរដ្ឋ ដើម្បីរាយការណ៍បន្ទាន់មកការិយាល័យ និងមន្ទីរ ដើម្បីចាត់កម្លាំងជំនាញចុះព្យាបាលជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក ងិន ហ៊ុន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់មន្ត្រីជំនាញទាំងអស់ក្នុក្រុង-ស្រុកដែលបានសហការខិតខំធ្វើការងារកន្លងមកបានល្អប្រសើរ ៕