26/01/22 12:05 PM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រមាណជាង២០ គ្រួសារបានប្រកបមុខរបរលក់លៀសហាលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដែលមុខរបរនេះមិនសូវចំណេញកាក់កបប៉ុន្មាននោះទេ តែក៏អាចរកប្រាក់ទិញអង្ករប្រចាំថ្ងៃចិញ្ចឹមក្រុមគ្រួសារបានមួយគ្រាផងដែរ ។
ប្អូនប្រុសឈ្មោះ សំណាង អាយុ ៣៦ឆ្នាំ កំពុងស្រុះលៀសដើម្បីយកទៅហាលលើរទេះរុញលក់ នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២នេះ បាននិយាយឲ្យដឹងថា គាត់បានប្រកបមុខរបរលក់លៀសហាលនេះចំនួន ៦ ឆ្នាំហើយ ដែលមុខរបរនេះបើកលក់លៀសហាលបាន ២ធុងស្ពេត្រូលក្នុង១ថ្ងៃ អាចរកប្រាក់ចំណេញបានប្រមាណពី ៤ម៉ឺនរៀលទៅ ៥ ម៉ឺនរៀលតែប៉ុណ្ណោះ ។
ប្អូនសំណាង បានបញ្ជាក់ឲ្យដឹងថាលៀសស្រស់ដែលប្អូនទិញពីអ្នក នេសាទមកគឺ១ធុងស្ពេត្រូលថ្លៃពី ៥ ម៉ឺនទៅ ៦ម៉ឺនរៀល តាមទំហំលៀសធំឬតូច និងពេលលក់ចេញទៅវិញសៀសហាលក្នុង១កំប៉ុងថ្លៃ ពី ២,០០០រៀល ទៅ៣,០០០រៀល ។
ចំណែករបៀបធ្វើលៀសហាលលក់ គឺជាដំបូងយើងត្រូវយកលៀសទៅត្រាំទឹក ១យប់ ឬ២យប់អោយអស់ដីសិន ។ បន្ទាប់មកត្រូវយកលៀសទៅដាក់ដុះលាងទឹក ២ ឬ ៣ ដង ទៀតអោយអស់ដី ទើបយកសៀល នេះទៅស្រុះឱ្យឆ្អិន ទើបយកលៀស នោះមកប្រឡាក់ អំបិល ស្ករ ប៊ីចេង ម្ទេស ខ្ទឹម រំដេង ដើម្បីឲ្យលៀសមានរសជាតិឆ្ងាញ់ ទើបយកវាទៅហាល ថ្ងៃអោយស្ងួតនៅលើរទេះរុញទើបដើរលក់នៅតាមភូមិឃុំ និងតាមទីប្រជុំជន ។
ស្រ្តីឈ្មោះ ណារី កំពុងហាលលាសលើរទះរុញបាននិយាយឲ្យដឹងថា នៅក្នុងភូមិសំរោង នេះ ប្រជាពលរដ្ឋប្រកបមុខរបរលក់លៀសមានប្រមាណជាង ២០ គ្រួសារ ប៉ុន្តែមុខរបរលក់លៀសនេះក្នុង១ ឆ្នាំអាចលក់បាន តែរយៈពេល ៦ទៅ ៧ ខែតែប៉ុណ្ណោះ ព្រោះនៅក្នុងរដូវទឹកទន្លេឡើង អ្នកនេសាទរកលៀសមិនបានទេ ។
ដូចនេះសូមប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង សូមជួយគាំទ្រ និងជួយទិញលៀសហាល របស់ភូមិសំរោងយើងផង ៕