27/01/22 09:23 AM
កំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៩នាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធនិងករណីលួចបូមប្រេងរថយន្ត និងគ្រឿងចក្រ ចេញពីក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ៥ និងទទួលផលចោរកម្ម។ ការបង្ក្រាបករណីនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយនៅព្រឹកថ្ងៃទី២៦ ខែមករា នេះ ជនសង្ស័យទាំង ៩ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនប្រគល់ជូនអយ្យការតុលាការខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនក្រុមជន សង្ស័យខាងលើធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងចុះប្រតិបត្តិការដោយមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន ៖ ១/- ឈ្មោះ កែត ភា , ២/- ឈ្មោះ ខៀវ សាវឿន, ៣/- ឈ្មោះ ឃឿន វិសាល, ៤/- ឈ្មោះ ទន់ សាតូ, ៥/- ឈ្មោះ ប៉ាត់ ប៊ុនលី, ៦/- ឈ្មោះ យក់ សីហា ត្រូវចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួច ។ ៧/- ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវចោទប្រកាន់ពីបទលួចលក់ប្រេ ង ៨/- ឈ្មោះ តឹប ណាត និង៩/- ឈ្មោះសុខ ពិសិដ្ឋ ត្រូវបានចោទពីបទទទួលផលចោរកម្ម អ្នកទទួលទិញប្រេង ដែលបានប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំ ពង់ឆ្នាំង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានប្រេងម៉ាស៊ូត ចំនួន ០៨កាន និងរថយន្តលួចចូលទៅបូមប្រេង ចំនួន០១គ្រឿង ម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។
ករណីខាងលើនេះតាមប្រភពពីប្រ ជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចផ្ទាល់ថា មានមនុស្ស០១ក្រុមជាអ្នកស៊ី ឈ្នួលបើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នាជា មួយសន្តិសុខយាមគ្រឿងចក្រ បើក ដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង។ ដែលករណីលួចបូមប្រេងលក់នេះមិនមែនជាលើកទី១ របស់ពួកគេទេ គឺជសង្ស័យទាំងនេះតែងតែប្រព្រឹត្តជាច្រើន លើកច្រើនសារហើយរាល់ការប្រព្រឹត្តម្តងៗ គឺមានការចាត់តាំងបក្ខពួក ដើម្បីរៀបចាំលួចបូមប្រេង។ ដោយឡែកប្រេងដែលឈ្មួញដាក់លក់តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រជាអ្នកលួចបូមយកទៅលក់អោយឈ្មួញនៅតាមទីប្រជុំជន។
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនជប៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់ការរបស់ឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរប ស់ លោកឧត្តមសេនីយ៍ត្រី ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង ដែលបង្ក្រាបបានដោយជោគជ័យ នូវបទល្មើសខាងលើនេះ ៕