27/01/22 12:02 PM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ លោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ឯកឧត្តម សាន់យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងយកច្បាប់អនុញ្ញាតឲ្យវាយផ្ទះ១៣ល្វែងនេះ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីសាលាខេត្តទៅប្រគល់ជូនប្រជាពលរដ្ឋម្ចាស់ផ្ទះ ១៣ល្វែងនេះហើយ ដើម្បីឲ្យម្ចាស់ផ្ទះទាំង ១៣ល្វែង ចរចាជាមួយក្រុមហ៊ុនដោយខ្លួនឯង ក្នុងការការវាយផ្ទះថ្មទ្រុឌទ្រោមនេះចោល ។
លោកអភិបាលរងក្រុងកំពង់ឆ្នាំងបានបន្តឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្ត ធ្លាប់បានសន្យាជាមួយប្រជា ពលរដ្ឋជាម្ចាស់ផ្ទះ១៣ល្វែងនេះថាអាជ្ញាធរគ្រាន់តែមានតួនាទីជាអ្នក សម្របសម្រួលជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ ដូច្នេះចំពោះតម្លៃវាយផ្ទះល្វែងនេះចោលគឺម្ចាស់ផ្ទះត្រូវចរចាក៏ជាមួយក្រុមហ៊ុនដោយខ្លួនឯង ។
ជាមួយគ្នានេះដែរក្រោយពីក្រុមហ៊ុនវាយកំទេចផ្ទះទ្រុឌទ្រោមនេះចោលរួចហើយនោះ ប្រជាពលរដ្ឋម្ចាស់ផ្ទះទាំង ១៣ល្វែង ត្រូវរួមគ្នាសុំច្បាប់សាងសង់ផ្ទះ១៣ ល្វែងនេះឡើងវិញ។ ដោយអាជ្ញាធរខេត្តជាអ្នកជួយសម្របសម្រួលផ្លូវច្បាប់ ជាមួយមន្ត្រីជំនាញក្នុងការគូរប្លង់កសាងផ្ទះទាំង ១៣ល្វែងនេះឡើងវិញ ។
ប្រជាពលរដ្ឋហូបកាហ្វេនៅមុខផ្ទះ ១៣ ល្វែងនេះ នៅព្រឹកថ្ងៃទី២៦ ខែមករា បានឲ្យដឹងថា តម្លៃជួលក្រុមហ៊ុនវាយផ្ទះទ្រុឌទាំង ១៣ល្វែងនេះចោល គឺក្រុមហ៊ុនយកថ្លៃវាយ ចោលក្នុង ១ល្វែងដល់ទៅ ១,៨០០ ដុល្លារឯណោះ ពិតជាមិនថោកនោះឡើយ ។ រឿងនេះម្ចាស់ផ្ទះទាំង ១៣ ល្វែងកំពុងតែពិភាក្សាគ្នាមិនទាន់បានឯកភាពគ្នាជាផ្លូវការនោះទេ ។
គួរបញ្ជាក់ថាផ្ទះថ្មទាំង ១៣ល្វែងនេះ បានកសាងក្នុងជំនាន់អាណានិគមនិយមបារាំង នៅអំឡុងឆ្នាំ១៩៣១ គិតមកដល់ពេលនេះមានអាយុ ៩១ ឆ្នាំហើយ ដែលមានសភាព ពុកផុយ ទ្រុឌទ្រោមយ៉ាងខ្លាំងមិនអាចរស់នៅបន្តទៀតបានឡើយ ។ ហេតុនេះហើយទើបអាជ្ញាធរក្រុង និងខេត្ត បានអំពាវនាវឲ្យម្ចាស់ផ្ទះនេះចាកចេញ ដើម្បីទប់ស្កាត់ការបាក់ស្រុតដែលអាចកើតមានឡើងជាយថាហេតុ អាចនាំអោយបាត់ បង់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ៕