04/02/22 09:21 AM
ភ្នំពេញ៖ ក្រុមគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញចំនួន១៣នាក់ ទទួលបានការឧបត្ថម្ភថវិកាសរុប៥២លានរៀលដែលជាថវិកាបេឡាមរណៈសង្រ្គោះ សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា ត្រូវបានលោកលោកស្រី ដែលជាប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមបណ្តាខណ្ឌចំនួន០៨ ក្នុងរាជធានីភ្នំពេញ ដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកប្រគល់ជូនគ្រួសារសពដើម្បីជួយដោះស្រាយកាត់បន្ថយទុក្ខលំបាកក្នុងគ្រួសារ។ បន្ទាប់ពីអតីតយុទ្ធជននៅក្នុងរាជធានីភ្នំពេញចំនួន ១៣ នាក់ រស់នៅក្នុងខណ្ឌចំនួន០៨ គឺបានទទួលមរណៈភាពដោយរោគាពាធកាលពីកន្លងទៅថ្មីៗនេះ។
ការអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកានេះ បានធ្វើឡើងនៅថ្ងៃទី០២ និងទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងខណ្ឌកំបូលចំនួន ០១ គ្រួសារសព, ពោធិ៍សែនជ័យ ០៤ គ្រួសារសព, ប្ញស្សីកែវ០១ គ្រួសារសព, ច្បារអំពៅ ០២ គ្រួសារសព, ទួលគោក ០១ គ្រួសារសព, ជ្រោយចង្វារ ០២ គ្រួសារសព, ខណ្ឌ៧មករា ០១ គ្រួសារសព និងខណ្ឌមានជ័យចំនួន ០១ គ្រួសារសព ដោយក្នុង០១គ្រួសារទទួលបានថវិកា ៤ លានរៀល។
ក្នុងឱកាសនោះ លោកលោកស្រីប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌចំនួន០៨ខាងលើ ក៏បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងការចូលរួមសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនក្រុមគ្រួសារសពអតីតយុទ្ធជន ដែលសមាគមបានបាត់បង់នូវយុទ្ធជនធ្លាប់មានគុណតម្លៃដ៏ធំធេងចំពោះជាតិមាតុភូមិ ជាពិសេសធ្លាប់បានចូលរួមអនុវត្តគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ។ វីរភាពភាពដ៍មុះមុតទាំងនេះ របស់បងប្អូនអតីតយុទ្ធជន គឺបានស្ថិតក្នុងការចងចាំជានិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកលោកស្រីប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាទាំង០៨ខណ្ឌ ក៏បានលើកឡើងទៀតថា៖ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់កាលៈទេសៈ គឺមិនបោះបង់បងប្អូនអតីតយុទ្ធជននោះទេ តែងតែគិតគូរយកចិត្តទុកដាក់ និងជួយដោះស្រាយគ្រប់គ្រាលំបាករបស់បងប្អូនជានិច្ច តាមរយៈការអញ្ជើញសាកសួរសុខទុក្ខជាប្រចាំ និងការនាំយកអំណោយជាថវិកា រឺស្បៀងអាហារឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជន និងការជួយដោះស្រាយនូវគោលរបបផ្សេងៗទៀតផងដែរ។ ក្រុមការងារក៏បានសំណូមពរឱ្យបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសន្តិភាព ស្ថិរភាព និងបន្តការកសាងអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរីកចម្រើន៕