04/02/22 10:03 AM
កំពង់ឆ្នាំង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានសហការជាមួយសមត្ថកិច្ចចម្រុះចុះឃាត់គ្រឿងចក្រដែលធ្វើសកម្មភាពអត់ច្បាប់ ជីកយកដីក្នុងបឹងដំរែក ក្នុងដែននេសាទស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ការឃាត់គ្រឿងចក្រនេះ ត្រូវបានមន្ត្រីជំនាញនិយាយថា គឺជាលើកទី២ហើយបន្ទាប់ពីឲ្យម្ចាស់គ្រឿងចក្រនេះ ទៅធ្វើច្បាប់ តែម្ចាស់គ្រឿងចក្ររូបនេះមិនព្រមឡើយ គឺនៅតែបន្តធ្វើសកម្មភាពបំពានច្បាប់។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពិតជាមានការចុះទៅឃាត់គ្រឿងចក្រពិតមែន ដោយមន្ត្រីជំនាញជលផលសហការជាមួយសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ គឺបានឃាត់គ្រឿងចក្រ១គ្រឿង ដែលធ្វើសកម្មភាពជីកកាយដីបឹងដំរែក ក្នុងតំបន់លិចទឹកដែននេសាទ។ លោកបានបញ្ជាក់ថា ចំពោះគ្រឿងចក្រ និងមធ្យោបាយដទៃទៀត ដែលមិនបានធ្វើសកម្មភាពយើងមិនបានឃាត់នោះទេ។
លោក ងិនហ៊ុន ក៏បានបន្តថា ការឃាត់គ្រឿងចក្រនេះគឺជាលើកទី២ហើយ កាលឃាត់លើកទី១ មន្ត្រីជំនាញបានធ្វើការផាកពិន័យអន្តរកាល និងអនុញ្ញាតឲ្យម្ចាស់រត់ការធ្វើច្បាប់។ ប៉ុន្តែម្ចាស់គ្រឿងចក្រមិនព្រមរត់ការធ្វើច្បាប់ទេ បែរជានៅតែបន្តចូលជីកដីយកក្នុងបឹងដំរែកតំបន់លិចទឹក ក្នុងដែននេសា គឺជាការរំលោភច្បាប់ ទើបព្រឹកនេះមន្ត្រីជំនាញបានចុះឃាត់គ្រឿងចក្រនេះជាលើកទី២ទៀត ។
លោក ងិន ហ៊ុន បានបញ្ជាក់ថា បញ្ហាទី១ ប៉ះពាល់ដល់ធនធានជលផល និងបញ្ហាទី២ គឺប៉ះពាល់ដល់ធនធានទឹកទៀតផង ហេតុនេះម្ចាស់គ្រឿងចក្រគួរតែធ្វើច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ។
ជុំវិញបញ្ហានេះ គេមិនទាន់ដឹងថាសមត្ថកិច្ចត្រូវផាកពិន័យដូចលើកមុន ឬក៏ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីជ លផល ឬច្បាប់ស្ដីពីធនធានទឹក៕