ផ្ទះថ្មទ្រុឌទ្រោម ១៣ ល្វែង នៅផ្សារក្រោម កំពុងដំណើរការវាយចោលហើយ ដែលអាចរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត


ត្រលប់ក្រោយ

04/02/22 14:58 PM

ចំនួនទស្សនា៖

414

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ផ្ទះថ្មទ្រុឌទ្រោមចំនួន ១៣ ល្វែង ដែលមានអាយុកាល ៩១ ឆ្នាំហើយនោះ នៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិងកំពុងដំណើរការវាយកំទេចចោលហើយ។  



បុរសម្នាក់ជាមេការការទទួលខុសត្រូវក្នុងការវាយកម្ទេចផ្ទះថ្មទាំង ១៣ ល្វែង នេះ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ២០២២ បាននិយាយឲ្យដឹងថា ក្រុមហ៊ុនលោកបានដំណើរការវាយកម្ទេចផ្ទះថ្មនេះបានបានរយៈពេលបីថ្ងៃហើយ និងប្រហែលជាង ១០ ថ្ងៃទៀត និងវាយកំទេចបានរួចរាល់ ។ 


លោកមេការបានបន្តឲ្យដឹងថា ក្រោយពីការវាយកម្ទេចផ្ទះថ្មនេះបាន៣ ល្វែង លោកពិនិត្យឃើញថាគុណភាពបេតុងបានពុកផុយ ហើយចំណែកដែកសរសៃពិដានភាគច្រើនក៏បានច្រេះចាប់ខូចគុណភាពអស់ហើយដែរ គឺមានតែយកទៅស្លផលិតជាដែកថ្មីតែប៉ុណ្ណោះ។ ចំពោះថ្លៃឈ្នួលវាយកំទេចផ្ទះ១៣ល្វែងនេះ លោកមេការពុំបានដឹងថ្លៃឡើយ គឺទាល់តែសួរទៅប្រធានក្រុមហ៊ុននៅឯទីក្រុងភ្នំពេញ។


បុរសជាមេការបានបញ្ជាក់ទៀតថា ចំពោះការសាងសង់ផ្ទះថ្មទាំង១៣ ល្វែងនេះឡើងវិញ គឺម្ចាស់ផ្ទះមិនទាន់ចរចាតម្លៃត្រូវជាមួយក្រុមហ៊ុនដែលត្រូវសាងសង់ផ្ទះល្វែងនេះឡើងវិញនោះឡើយ។


ដោយឡែកប្រភពពីប្រជាពលរដ្ឋនៅជិតផ្ទះល្វែងនេះបានឲ្យដឹងថា ថ្លៃឈ្នួលវាយកម្ទេចផ្ទះថ្ម១៣ល្វែងនេះក្នុងមួយល្វែងៗត្រូវចំណាយប្រាក់ប្រមាណ ១,៧០០ ដុល្លារ ។


លោក ហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីសប្តាហ៍មុនអាជ្ញាធរខេត្ត បានចេញលិខិតអនុញ្ញាឲ្យម្ចាស់ផ្ទះទាំង១៣ល្វែង ជួលក្រុមហ៊ុនកម្ទេចផ្ទះថ្មទ្រុឌទ្រោម១៣ល្វែងនេះចោលហើយ។ដោយម្ចាស់ផ្ទះត្រូវចរចាថ្លៃឈ្នួលវាយកម្ទេចនេះ ជាមួយក្រុមហ៊ុនឲ្យខ្លួនឯង។ ចំពោះការសាងសង់ផ្ទះនេះឡើងវិញក៏ដូចគ្នាដែរ គឺម្ចាស់ផ្ទះត្រូវចរចាតម្លៃសាងសង់ផ្ទះឡើងវិញជាមួយក្រុមហ៊ុនដោយខ្លួនឯង។ ចំណែក អាជ្ញាធរខេត្តគ្រាន់តែជាអ្នកជួយសម្របសម្រួលផ្លូវច្បាប់តែប៉ុណ្ណោះ៕




dd
Bottom Ad