05/02/22 17:30 PM
យុវជនម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរម៉ូតូលើផ្លូវមួយ ក្នុងភូមិជំទាវម៉ៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយក៏ត្រូវបុរសម្នាក់បើករថយន្តបញ្ច្រាស់ទិសគ្នា បុកយ៉ាងពេញទំហឹងអូសជាង២០ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយយុវជនរងគ្រោះឈ្មោះ សាន សារ៉ាក់ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនអង្គស្នួល ។
មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកHondaកូនទាពណ៌ក្រហម ចេញពីរៀន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដែលបើកបរដោយជមសង្ស័យម៉ាកFord Ranger ពាក់ស្លាកលេខ កណ្តាល 2D-8077 ពណ៌ស បានរេលចង្កូតមកបុកអូសរហូតប្រម៉ាណ២០ម៉ែត បណ្តាលអោយជនរងគ្រោះជាសិស្សសាលាដែលទើបចេញពីរៀនបានស្លាប់ភ្លាមនៅចំណុចកើតហេតុយ៉ាងអណោចអធម្ម ។
ប្រជាជននៅកន្លែងកើតហេតុបានប្រាប់ថា បុរសដែលបើកបររថយន្ត ហាក់ដូចជាស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ដោយដើរឃ្លេងឃ្លោង នៅពេលដែលនគរបាលនាំយកទៅការិយាល័យចរាចរក្រុង ។
សាច់ញាតិជនរងគ្រោះ សូមអំពាវនាវដល់ស្នងការរាជធានីភ្នំពេញ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលត្រូវស្លាប់យ៉ាងវេទនានេះផង សូមឲ្យបញ្ជូនជនល្មើសរូបនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់និងទំហំបទល្មើស ។
គួររំលឹកថាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ ដែលប្រារព្ធធ្វើនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាពេលនោះសម្តេចក្រឡាហោមបានសង្លត់ធ្ងន់និងក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងពីហានិភ័យ នៃគ្រោះថ្នាក់ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសដូចជាការបើកបរលឿនលើសកំណត់ ការមិនគោរពស្លាកសញ្ញាចរាចរណ៍ ការមិនប្រកាន់ស្តាំ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន ការមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម ។