08/02/22 08:52 AM
កំពង់ឆ្នាំង៖ រថយន្ដយីឌុបមួយគ្រឿង ដឹកធ្ងន់បើកបរនៅពេលយប់បានបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យយក្រឡាប់ផ្ងារជើង ត្រូវបានក្រុមហ៊ុនធ្វើផ្លូវរបស់ជប៉ុនឃាត់ឲ្យសងខូចខាត។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២០ និង ១៥នាទីយប ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ ៧៥ នឹង ៧៦ចំណុចខាងមុខហ្ការ៉ាសសាំងសូគីមិច ស្ថិតនៅក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀបានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ២០២២នេះថា រថយន្តយីឌុបបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាងលើម៉ាកហ៊ីយ៉ាន់ដាយពណ៍លឿង ពាក់ផ្លាកលេខព្រះសីហនុ 3A-7568 មានសណ្តោងរម៉កខាងក្រោយពាក់ផ្លាកលេខព្រះសីហនុ 4A-2865 បើកបរដោយឈ្មោះ អ៊ឹង ណាំហាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
សមត្ថកិច្ចចុះពិនិត្យហេតុការណ៍នេះបានឲ្យដឹងថា រថយន្តធន់ធំបើកបរពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើរេចង្កូតបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងាជើង បង្កឲ្យខូចខាតក្បាលពុះចែកទ្រូងផ្លូវ និងរបងដែក តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះឡើយ។
ដោយឡែក រថយន្តត្រូវបានខាងក្រុមហ៊ុនមកស្ទូកយកចេញ កុំឲ្យយស្ទះចរាចរណ៍ ដោយខាងក្រុមហ៊ុនធ្វើផ្លូវ ជាតិលេខ៥របស់ជប៉ុន បានឲ្យសងការខូចខាតថ្មទ្រូងពុះចែកផ្លូវ និងរបងដែកផងដែរ ទើបអនុញ្ញាតឲ្យយករថយន្តទៅធ្វើអាជីវកម្មបន្តទៀត៕