09/02/22 10:06 AM
កំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះចំនួន ៩ ខ្នង នៅភូមិកំពង់បាស្រូវ ឃុំជលសារ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង សូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនដែលរងគ្រោះដោយអគ្គីភ័យដ៏រន្ធត់ចំនួន ៩ គ្រួសារក្នុងមូលដ្ឋាននេះ ដែលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង ថ្នាក់ដឹកនាំទាំងពីរក៏សូមចូលរួមសោកស្ដាយផងដែរ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើដល់បងប្អូនរងគ្រោះដោយអគ្គីភ័យឆេះផ្ទះថា សូមខិតខំពង្រឹងស្មារតីខិតខំប្រកបមុខរបរ និងការងារចិញ្ចឹមក្រុមគ្រួសារបន្តទៀត ព្រោះថាទ្រព្យសម្បត្តិបានបាត់បង់ទៅហើយ តែអាយុជីវិតយើងនៅមាន ដូច្នេះត្រូវតែពុះពារឧបសគ្គដើម្បីអនាគតគ្រួសារជាបន្តទៀត។
នៅក្នុងឱកាសនោះដែរ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានមានប្រសាសន៍ថា ពិតជាសោកស្ដាយខ្លាំងណាស់នៅការបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រោះអគ្គីភ័យនេះ ក្នុងនាមតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវសូមចូលរួមសោកស្ដាយយ៉ាងក្រៃលែង។ ជាមួយនឹងទុក្ខលំបាករបស់បងប្អូនក្នុងថ្ងៃនេះ អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត-ស្រុក បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខដល់បងប្អូន និងនាំអំណោយមកផ្តល់ជូន ដែលនេះពិតជាការគិតគូរដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
យោងតាមរបាយការណ៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ផ្ទះជនរងគ្រោះដោ យអគ្គីភ័យ កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី សរុបមានចំនួន ៩ ខ្នងក្នុងនោះ ៦ ខ្នង បានឆេះខ្ទេចទាំងស្រុង និង៣ ខ្នងបានឆេះអស់មួយចំហៀង។
ចំណែកអំណោយ ដែលបានផ្ដល់ជូនក្នុងថ្ងៃនេះរួមមានសម្រាប់ប្រជាពលរដ្ឋត្រូវភ្លើងឆេះផ្ទះទាំងស្រុង ទទួលបានអង្ករ ២៥ គីឡូ មី១កេ ស , ត្រីខ ១០ កំប៉ុង , មុង១ ភួយ ១ , សារុង១ , ក្រមា ១ , កន្ទេ ល ១ , កៅស៊ូតង់ ១ សម្ភារផ្ទះបាយមួយឈុត និងថវិកាសរុបក្នុង១គ្រួសារ ៤០ ម៉ឺនរៀល ។
ចំណែកប្រជាពលរដ្ឋដែលរងគ្រោះឆេះផ្ទះអស់មួយចំហៀង ចំនួន ៣ គ្រួសារ ក្នុង១គ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម , មី ១ កេសត្រីខ ១០ កំប៉ុង , មុង១ , ភួយ ១ , សារុង ១ , ក្រមា ១ និងថវិកា ៥ ម៉ឺនរៀល។
ដោយឡែកប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីចុះសួរសុខទុក្ខនោះដែរ ទទួលបានថវិកាម្នាក់ ២ ម៉ឺនរៀល និងកុមារម្នាក់ៗ ១ ម៉ឺនរៀលផងដែរ៕