10/02/22 13:27 PM
កំពង់ឆ្នាំង៖ នៅក្នុងការអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្តីសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅចំណុច ក ដប ដែលជាចំណុចប្រសព្វរវាងខេត្តទាំងបី គឺខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអមដោយលោកអភិបាលខេត្តទាំង ៣ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំដែលយើងទទួលបាន។
នៅក្នុងពិធីបួងសួងសុំសេចក្តីសុខ ជូនប្រជាពលរដ្ឋដែលបរស់នៅខេត្តទាំងបីនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ និងបានផ្ដល់គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋចំនួន ២៩៧ គ្រួសារផងដែរ។ ក្នុងនោះមានខេត្តកំពង់ធំ ចំនួន ៩៩គ្រួសារ ខេត្តពោធិ៍សាត់ ចំនួន ៩៩គ្រួសារ និងខេត្តកំពង់ឆ្នាំង ចំនួន ៩៩គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាធ្វើដំណើរ ៥ម៉ឺនរៀល។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ការពារខ្លួនឲ្យបានខ្ពស់ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី។ ពិសេសថ្មីៗនេះជំងឺកូវីដ-១៩ កំពុងតែមានការហក់ឡើងខ្លាំងគួរឲ្យព្រួយបារម្ភ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ្លេចការពារខ្លួនឱ្យបានសុខជួនពិសេសគឺបីការពារនិងបីកុំ។ ហើយបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដុសគ្រប់ចំនួននៃការកំណត់របស់ក្រសួងសុខាភិបាលមេត្តារួសរាន់ទៅចាក់តាមការកំណត់របស់អាជ្ញាធរឬតាមមណ្ឌលសុខភាពដែលមានសម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នា។
គួររំលឹកផងដែរថា គិតនៅត្រឹមព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាលបង្ហាញថា អ្នកដែលឆ្លងជំងឺកូវីដ-១៩ ថ្មី មានចំនួន ២២៣ នាក់ សុទ្ធតែអូនមីក្រុងទាំងអស់ ក្នុងនោះឆ្លងសហគមន៍ ២១៨នាក់ អ្នកធ្វើដំណើរមកពីបរទេសចំនួន ៥ នាក់។ ហើយនេះបញ្ជាក់ថាជំងឺកូវីដ-១៩ កំពុងតែមានការកើនឡើងគួរឲ្យព្រួយបារម្ភ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន៕អត្ថបទ: ប្រសិទ្ធ