កំពង់ផែសាឡាងចម្លងក្រុងកំពង់ឆ្នាំង-កំពង់លែង ផ្លាស់មកទីតាំងចាស់នៅភូមិចុងកោះវិញហើយ ដើម្បីសម្រួលការងារចម្លងរថយន្តឲ្យកាន់តែប្រសើរឡើង


ត្រលប់ក្រោយ

17/02/22 09:56 AM

ចំនួនទស្សនា៖

655

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ កំពង់ផែសាឡាងក្រុងកំពង់ឆ្នាំង-កំពង់លែង ដែលពីមុនដាក់នៅកំពុងផែថ្មស្ថិតនៅក្នុងភូមិទី៦ សង្កាត់ខ្សាមនោះ កាលពីថ្ងៃអាទិត្យទី១៣ កុម្ភៈ ២០២២ បានផ្លាស់មកដាក់នៅចំណុចកំពុងផែចាស់ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងវិញហើយ ដើម្បីសម្រួលការងារចម្លងរថយន្តថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងខេត្ត ឆ្លងទៅធ្វើការងារនៅក្នុងស្រុកកំពង់លែង។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានរីករាយសប្បាយចិត្តផងដែរ ដោយសារបានកាត់ការចំណាយជិះម៉ូតូឌុបចម្ងាយផ្លូវជាង២គីឡូម៉ែត្រអស់ប្រាក់ ៥ ពាន់រៀល ពីទីប្រជុំជនផ្សារក្រោម ទៅឆ្លងសាឡាងនៅកំពង់ផែថ្ម ក្នុងភូមិទី៦ សង្កាត់ខ្សាម។ 


លោក គង្គ ឃាង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បាននិយាយតាមទូរសព្ទឲ្យដឹងថា តាមគោលការណ៍របស់ឯកឧត្តមអភិបាលខេត្ត បានសម្រេចឱ្យសាឡាងមកដាក់ទីតាំងចម្លងនៅចំណុចកំពង់ផែចាស់ក្នុងភូមិចុងកោះវិញមួយរយៈ។ ដើម្បីជួយសម្រួលដល់ការចម្លងរថយន្តក្រុមការងារថ្នាក់ជាតិទៅធ្វើការងារនៅក្នុងស្រុកកំពង់លែង និងបងប្អូនប្រជាពលរដ្ឋទូទៅព្រោះថាចំណុចកំពង់ផែចាស់នេះមានច្រាំងទន្លេទាបងាយស្រួលដល់សាឡាង និងរថយន្ត ឡើងចុះ ។


ទាក់ទងនឹងការផ្លាស់ប្ដូរទីតាំងកំពង់ផែសាឡាងខាងលើនេះដែរ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងជាអ្នកធ្វើដំណើរចុះឡើងរៀងរាល់ថ្ងៃនោះ បានសម្ដែងការរីករាយសប្បាយចិត្តគ្រប់គ្នា ព្រោះថាកំពង់ផែថ្មមានច្រាំងទន្លេខ្ពស់ណាស់នៅក្នុងរដូវប្រាំង ការដឹកជញ្ជូនទំនិញចុះឡើងសាឡាងពិតជាលំបាក ហើយបើរថយន្តដឹកទំនិញ គឺត្រូវបង់ភាស៊ីជូនក្រុមហ៊ុនភាស៊ីចំណតរថយន្ដក្នុងខេត្តមួយតង់ថែមទៀត។


ចំណែកនៅកំពង់ផែចាស់ភូមិចុងកោះវិញ មានភាពងាយស្រួលទី១ ងាយស្រួលចុះឡើងសាឡាង ដោយសារច្រាំងទន្លេទាប, ទី២ មិនបាច់ចំណាយការបង់ភាស៊ីរថយន្ត និងទំនិញជូនក្រុមហ៊ុនភាស៊ីចំណតរថយន្តខេត្ត, ទី៣ គឺចំណេញប្រាក់ ៥ ពាន់រៀល បើជិះម៉ូតូឌុប ពីដើមពោធិ៍ផ្សារក្រោមទៅកំពង់ផែថ្មនៅភូមិទី៦ សង្កាត់ខ្សាមមានចម្ងាយជាង២គីឡូម៉ែត្រ និងអាចយកលុយសល់៥ពាន់រៀលនឹងទៅចំណាយថ្លៃសាឡាង ដែលម៉ូតូ១ និងមនុស្សម្នាក់អស់តែ២៥០០រៀល គឺនៅសល់លុយថែមទៀតផង។


ប្រជាពលរដ្ឋអ្នកឆ្លងសាឡាងកំពង់ឆ្នាំង-កំពង់លែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដែលបានជួយសម្រួលឲ្យប្រជាពលរដ្ឋចុះឡើងសាឡាងនៅទីតាំងចាស់ក្នុងភូមិចុងកោះវិញ ដែលពិតជាធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងរីករាយណាស់៕




dd
Bottom Ad