17/02/22 12:55 PM
កំពង់ឆ្នាំង៖ ផ្ទះថ្មចំនួន១៣ល្វែងដែលមានសភាពទ្រុឌទ្រោមពុកផុយមានអាយុកាល៩១ឆ្នាំមកហើយនោះ ត្រូវបានវាយកម្ទេចចោលរួចហើយ។ ដូច្នេះដើម្បីកសាងផ្ទះល្វែងនេះឡើងវិញ ម្ចាស់ផ្ទះត្រូវរូតរះធ្វើលិខិតស្នើសុំកសាងផ្ទះល្វែង ដោយន្ត្រីជំនាញ និងអាជ្ញាធរសន្យាថានឹងជួយសម្រួលឯកសារផ្លូវច្បាប់តាមគោលការណ៍មិនឱ្យកកស្ទះនោះឡើយ។
លោក ហ៊ីង ភ័ពមីនា អភិបាលរងក្រុងកំពង់ឆ្នាំងថ្មីៗនេះធ្លាប់បានឲ្យដឹងថា ក្រោយពីអាជ្ញាធរខេត្តបានចេញលិខិតសម្រេចជាផ្លូវការឲ្យវាយកម្ទេចផ្ទះថ្មទ្រុឌទ្រមទាំង១៣ល្វែងខាងលើនេះចោលរួចហើយនោះ ដើម្បីកសាងផ្ទះថ្មទាំង១៣ ល្វែងនេះឡើងវិញ ម្ចាស់ផ្ទះត្រូវនាំគ្នាធ្វើលិខិតស្នើសុំសាងសង់ផ្ទះល្វែងនេះឡើងវិញទៅតាមគោលការណ៍ច្បាប់។ ដោយមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត បានសន្យាថានឹងជួយសម្របសម្រួលឯកសារកសាងផ្ទះទាំង១៣ល្វែងនេះ តាមគោលការណ៍ច្បាប់ឲ្យបានឆាប់រហ័សមិនឱ្យកកស្ទះនោះឡើយ។
សូមបញ្ជាក់ថាផ្ទះថ្មទាំង១៣ល្វែងនេះ បានកសាងឡើងឆ្នាំ១៩៣១ នៅក្នុងជំនាន់អាណានិគមបារាំង និងគិតមកដល់ពេលនេះមានអាយុ៩១ ឆ្នាំហើយ។ ដោយឡែកកាលពីជាង ៣ ឆ្នាំមុន ដោយពិនិត្យឃើញថាផ្ទះថ្មទាំង១៣ ល្វែងនេះមានសភាពពុកផុយ ទ្រុឌទ្រោមអាចនឹងរលំបាត់បង្កហានិភ័យដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំង ដែលមានឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្ត និងក្រសួងពាក់ព័ន្ធបានចេញលិខិតជូនដំណឹងស្នើសុំឲ្យបងប្អូនជាម្ចាស់ផ្ទះរស់នៅលើផ្ទះថ្មនេះធ្វើការចាកចេញ ដើម្បីធានាសុវត្ថិភាពដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
ក្រោយមកដោយមានលិខិតណែនាំជាបន្តបន្ទាប់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការគ្រប់គ្រងនិងដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង និងដោយមានការសន្យាថានឹងជួយសម្របសម្រួលផ្លូវច្បាប់ក្នុងការវាយកម្ទេចផ្ទះនេះចោល និងកសាងផ្ទះល្វែងនេះឡើងវិញផងនោះ ទើបនៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះថ្មទាំង១៣ ល្វែងនេះបានស្ម័គ្រចិត្តរុះ រើទ្រព្យសម្បត្តិចាកចេញ។ ដែលនេះគឺជាជោគជ័យថ្មីមួយទៀតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការការជួយជម្លៀសប្រជាពលរដ្ឋចេញពីហានិភ័យនៃគ្រោះថ្នាក់រលំផ្ទះ។
ប្រជាពលរដ្ឋជាម្ចាស់ផ្ទះសង្ឃឹមថា ក្នុងពេលខាងមុខនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញ និងគោរពការសន្យាជួយសម្របសម្រួលឯកសារផ្លូវច្បាប់ ក្នុងការកសាងផ្ទះថ្មទាំង១៣ល្វែងនេះឡើងវិញឲ្យបានឆាប់រហ័ស ដូចពួកគាត់ដែលបានសន្យា៕