18/02/22 16:59 PM
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទី គណៈកម្មាធិការមូលដ្ឋាន នៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរងទទួលផែនការងារធនធានមនុស្ស និង ជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និង ជាប្រធាន គណៈកម្មាធិការមូលដ្ឋាន បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ របស់ សមាគម ជូនដល់៖
១. លោកស្រី មុិច ហៀង ត្រូវជាភរិយាសព លោកអនុសេនីយ៍ត្រី ហុង សំអឿន អតីត អនុប្រធានការិយាល័យកណ្តាលមធ្យោបាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង(បច្ចុប្បន្នចូលនិវត្តន៍)ដែលទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជម្ងឺលើសសម្ពាធឈាម នូវថវិកា ៦.០០០.០០០រៀល(ប្រាំមួយលានរៀល)។
២. លោកស្រី ង៉ែត យ៉េត ត្រូវជាភរិយាសពលោក អនុសេនីយ៍ឯក អុឹម សាវី អតីត នាយផ្នែកការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង(បច្ចុប្បន្នចូលនិវត្តន៍)ដែលទទួលមរណភាពកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយជម្ងឺលើសសម្ពាធឈាម នូវថវិកា៦.០០០.០០០រៀល(ប្រាំមួយលានរៀល)។
៣. លោកវរសេនីយ៍ទោ យិន សាលី អតីត អធិការរង នគរបាលស្រុករលាប្អៀរ ត្រូវជាស្វាមីរបស់សព លោកស្រី ជ័យ សុផាត ដែលទទួលមរណភាពកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជម្ងឺគាំងបេះដូង នូវថវិកា២.០០០.០០០រៀល(ពីលានរៀល)។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ស៊ី សុវណ្ណ ស្នងការរង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខ ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាល ជាតិកម្ពុជា និងការដាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ជាប្រធានគណៈកម្មាធិការកណ្តាលសហគមមិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើ គណៈកម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសពនិងសម្តែងនូវការសោកស្តាយចំពោះការបាត់បង់សមាជិកសមាគមក្នុងនាម គណៈកម្មាធិការមូលដ្ឋាន និងខិតខំយកចិត្តទុកដាក់ ផ្គត់ផ្គង់ថែរក្សាគ្រួសារសពជាសមាជិក អោយរស់នៅបានសមរម្យ ។
ឆ្លើយតបចំពោះការយកចិត្តទុកដាក់ឧបត្ថម្ភខាងលើនេះ លោក យិន សាលី លោកស្រី មុិច ហៀង លោកស្រី លោក ង៉ែត យ៉េត គ្រួសារសពបានសម្តែង នូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តល់ថវិកាទាន់ ពេលវេលាសមស្របតាមតម្រូវការបង្កលក្ខណៈអោយក្រុមគ្រួសារអាចធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព តាម ប្រពៃណី និង អាចដោះស្រាយជីវភាពរស់នៅបានល្អប្រសើរទៅថ្ងៃមុខ និង សូមថ្លែងអំណរគុណចំពោះវត្តមាន របស់ គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ មកជួយឧបត្ថម្ភនាពេល នេះ និងសូមកោតសរសើរដឹងគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់គ្រួសារសព និងគ្រួសារនគរបាល ពលី មរណៈ ។