22/02/22 10:24 AM
កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ នេះមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងអនុវត្តគម្រោងជួសជុលផ្លូវក្រាលកៅស៊ូ២ជាន់ ( DBST ) មានបណ្ដោយប្រវែង២,៨៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងចិញ្ចើមដីល្បាយថ្មសងខាង(ម្ខាង១ម) លើកំណាត់ផ្លូវជាតិលេខ៥៣ នៅចន្លោះគីឡូម៉ែត្រលេខ ០២+១៧០ ដល់គីឡូម៉ែត្រលេខ ០៥+០០០ ស្ថិតក្នុងភូមិសន្ទូចនិងភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាប់នឹងព្រំប្រទល់ក្រុងកំពង់ឆ្នាំង ដោយចំណាយថវិការាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ។
លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងទៀតថា ការជួសជុលកំណាត់ផ្លូវខាងលើនេះ ត្រូវការពង្រីកទទឹងផ្លូវឲ្យធំជាងផ្លូវចាស់ផងដែរ ដោយតម្រូវឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ចូលរួមរុះរើតូបលក់ដូរ និងបង្ខិតរបងលំនៅឋានមួយចំនួនផងដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការជួសជុលកំណាត់ផ្លូវខាងលើនេះឲ្យធំទូលាយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោ យកំណាត់ផ្លូវដែលត្រូវជួសជុល រួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥៣ ដែលកំពុងជួសជុលខាងលើនេះសូមមេត្តាយោគយល់អធ្យាស្រ័យ ដោយសូមបើកបរយានយន្តគ្រប់ប្រភេទដោយប្រុងប្រយ័ត្នក្នុងពេលឆ្លងកាត់ការដ្ឋានជួសជុលផ្លូវខាងលើនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុដែលអាចនឹងកើតមានឡើងដោយសារការធ្វេសប្រហែល៕