មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សជិត៤០០នាក់ ចូលរួមរើសសំរាមមាត់ទន្លេ សម្អាតក្រុងកំពង់ឆ្នាំង


ត្រលប់ក្រោយ

03/03/22 15:07 PM

ចំនួនទស្សនា៖

362

ប្រភព៖

កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងសហការជាមួយមន្ត្រីរាជការជុំវិញខេត្ត ក្រុងកំពង់ឆ្នាំង កង កម្លាំងប្រដាប់អាវុធនិងសិស្សានុសិស្សជិត ៤០០ នាក់ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បាននាំគ្នារើសសំរាមនៅតាមមាត់ទន្លេកំពង់ផែទេសចរណ៍ ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ និងដើម្បីបង្ហាញពីឆន្ទៈចូលរួមសម្អាតទីក្រុងស្អាត ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ឱ្យចេះទុកដាក់ និងប្រមូលសំរាម ។  


លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការគ្រប់អង្គភាពចូលរួមរើសសំរាមនៅកំពង់ផែទេសចរណ៍ដើមពោធិ៍ផ្សារក្រោម។

លោក សេង សាលី បានបន្តថា យោងអនុក្រិត្យលេខ១៦៣ ចុះថ្ងៃទី ០១ ខែតុលា ស្ដីពីការកំណត់ទិវាជាតិទីក្រុងស្អាត របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាតស្ដីពីការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសំអាតទីក្រុងដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតនៅលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា ។ ថ្ងៃនេះមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សសរុបចំនួន៣៨៨ នាក់បានរួមគ្នារើសសំរាមនៅចំណុចមាត់កំពង់ផែទេសចរណ៍មាត់ទន្លេដើមពោធិ៍ដែលជាចំណុចមានការចោលសំរាមច្រើនជាងគេ។  


លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា គោលដៅនៃការរើសសំរាមនៅថ្ងៃនេះ ទី១/- គឺចង់បញ្ជ្រាបការយល់ដឹងតាមរយៈការផ្សព្វផ្សាយសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១០ កន្លងទៅនេះ និងទី២/- ការរើសសំរាមថ្ងៃនេះ គឺយកគោលដៅដែលមានការចោលសំរាមច្រើនជាងគេក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការសម្អាតសំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅ ក្នុងក្រុងកំពង់ឆ្នាំង។


មន្ទីរទេចរណ៍ខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមភ្ញាក់រលឹកចូលរួមសម្អាតអនាម័យ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនត្រូវបោះសំរាមពាសវាលពាសកាលតាមទីសាធារណៈដើម្បីឲ្យក្រុងកំពង់ឆ្នាំងយើងមានសោភ័ណភាព និងបានជាប់ចំណាត់ថ្នាក់ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតផងដែរ៕




dd
Bottom Ad