09/03/22 10:31 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ផ្លូវកៅស៊ូមួយខ្សែប្រវែងជាង ៥០០ម៉ែត្រ តភ្ជាប់ពីមុខសាលាខេត្ត និងជាប់របងមន្ទីរសាធារណការខេត្ត ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានរងការខូចខាតយ៉ាងខ្លាំង អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់។ ហេតុនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុងនិងខេត្ត មេត្តាជួយជួសជុលកំណាត់ផ្លូវខាងលើនេះផងចុះ ។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ដែលបាននិយាយឲ្យដឹងថា ផ្លូវខាងលើនេះមួយកំណាត់ផ្នែកខាងលិចប្រវែងប្រមាណ ២ គីឡូម៉ែត្រក្នុងភូមិប្អេរ ភូមិក្តីត្នោត រហូតដល់ភូមិទ្រាជើងត្រូវ បានមន្ទីរសាធារណការខេត្តជួយជួ សជុលរួចរាល់ហើយកាលពីអំឡុងឆ្នាំ ២០២១ ។ ដោយឡែកកំណាត់ ផ្លូវផ្នែកខាងកើតតភ្ជាប់ពីផ្លូវមុខសា លាខេត្តជាប់របងសាធារណការខេត្ត ដែលមានប្រវែងប្រមាណជាង៥០០ ម៉ែត្រ បានរងការខូចខាតមានគ្រលុ គធំៗនិងជ្រៅៗដែលអាចបង្កគ្រោះ ថ្នាក់ដល់អ្នកបើកបរម៉ូតូនៅពេលយប់ ឬនៅពេលមានទឹកភ្លៀងដក់។
ដូចនេះប្រជាពលរដ្ឋនៅក្នុងសង្កាត់ប្អេរ សំណូមពរដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំងមេត្តាជួយជួសជុលកំណាត់ផ្លូវកៅ ស៊ូដែលរងការខូចខាតខាងលើនេះដោយអនុគ្រោះផងចុះ ។ ជាមួយគ្នានេះដែរនៅពេលភ្លៀងធំម្ដងៗផ្លូវនៅចំណុចខាងលើនេះត្រូវទឹកលិចដូចទន្លេ ព្រោះតែអូរប្រឡាយមួយចំនួនបានរួមតូចដោយសារតែការធ្វើសំណង់របស់ប្រជាពលរដ្ឋ ខ្វះការត្រួតពិនិត្យពីអាជ្ញាធរ និងជំនាញទើបប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលផលលំបាកពេលមានជំនន់ទឹកភ្លៀង។
ទាក់ទងនឹងករណីនេះលោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៩ ខែមីនានេះថា កំណាត់ផ្លូវដែលរងការខូចខាតនៅក្នុងសង្កាត់ប្អេរ នេះអាជ្ញាធរសង្កាត់ និងក្រុងក៏បានរាយការណ៍ជូនរដ្ឋបាលខេត្តរួចហើយ ។ ដោយកន្លងមករដ្ឋបាលខេត្តក៏បានជួយជួសជុលកំណាត់ ផ្លូវកៅស៊ូនេះផ្នែកខាងលិច និងជួយជួសជុលផ្លូវកៅស៊ូនៅចំណុចខាងក្រោយសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ រួចហើយ និងកំពុងបន្តជួសជុលផ្លូវកៅស៊ូខូចខាតមួយខ្សែទៀតនៅខាងក្រោយមន្ទីរពេទ្យខេត្ត និងក្រោយសាលាបំពេញវិជ្ជារៀបរយខេត្ត ។ ដូចនេះកំណាត់ផ្លូវដែលរងការខូចខាតនៅសង្កាត់ប្អេរខាងលើនេះអាចនឹងបន្តជួសជុលក្នុងពេលខាងមុខនេះផងដែរ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យផងចុះ៕