09/03/22 14:19 PM
ខេត្តកំពង់ឆ្នាំង៖ ប្រជាកសិករប្រមាណជាង ២០ គ្រួសារ រស់នៅក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរបន្ទាប់ពីមុខរបរធ្វើស្រែនៅរដូវប្រាំងនេះ ពួកគាត់បាននាំគ្នាឡើងកាប់ដើមឈើជាថ្នាំនៅលើភ្នំដើម្បីលក់ឲ្យគ្រូផ្សំថ្នាំឱសថបូរាណនៅទីក្រុងភ្នំពេញ តាមរយៈឈ្មួញកណ្ដាលដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់ នៅប្រចាំថ្ងៃ។
លោក ម៉ាន់ ថា អាយុ ៣៥ឆ្នាំ ជាប្រជាកសិកររស់នៅក្នុងភូមិខ្លែងព័រនៅល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នេះបាននិយាយឲ្យដឹងថា នៅក្នុងភូមិរបស់គាត់មានប្រជាពលរដ្ឋប្រមាណជាង ២០ គ្រួសារ បន្ទាប់ពីរដូវធ្វើ ស្រែចំការ នៅរដូវប្រាំងបាននាំគ្នាប្រកបមុខរបរឡើងកាប់ដើមឈើ និងវល្លិ៍ឈើជាថ្នាំនៅលើភ្នំយកមកលក់ឲ្យគ្រូឱសថបុរាណតាមរយៈឈ្មួញកណ្ដាលម្នាក់ទៀតដែលយកទៅលក់បន្តទៅភ្នំពេញ គឺមុខរបរនេះពួកគាត់បានធ្វើរយៈពេលបីបួនឆ្នាំហើយ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបានថាបានបញ្ជាក់ថា ដើមថ្នាំទាំងអស់នេះលោកត្រូវបរគោយន្តទៅកាន់ភ្នំដោះក្រមុំ ក្នុងទឹកដីស្រុកទឹកផុស ឬភ្នំបរវៀត នៅក្នុងទឹកដីឃុំបំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងទៅនឹកមក និងស្នាក់នៅមានរយៈពេល ២ថ្ងៃឬ៣ថ្ងៃ ទើបរកថ្នាំទាំងអស់នេះ បាន១គោយន្តយកមកពុះ និងកាប់ចិញ្ច្រាំហាលថ្ងៃឱ្យស្ងួតដើម្បីថ្លឹងលក់ឱ្យអ្នកប្រមូលទិញដើមថ្នាំទាំងអស់នេះទៅលក់ឱ្យឈ្មួញកណ្ដាលម្នាក់ នៅក្នុងភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។ បន្ទាប់មកទើបឈ្មួញកណ្ដាលនោះ លក់ចេញបន្តឲ្យឈ្មួញមកពីទីក្រុងភ្នំពេញទិញយកទៅផ្សំថ្នាំឱសថបុរាណលក់ចេញ។
លោកស្រី ញៀន ថា អាយុ ៣៨ ឆ្នាំ ជាប្រពន្ធបុរសខាងលើ ដែលកំពុងកាប់ចិញ្ច្រាំដើមឈើជាថ្នាំបុរាណនេះបាននិយាយឲ្យដឹងថា ដើមឈើជាថ្នាំទាំងនេះ រូបនាង និងប្ដីបានទៅរកនៅលើភ្នំ រួមមាន ដើមកំរើកគុម្ព, ក្តាំងងារ , គោមួយ , ល្វាព្រៃ , រលាកខ្មង, ឆ្កែស្រែង , កណ្ដាប់ឈ្នាង , ដំរី ៥ ដក , មើមជុយ, ត្រចៀកជ្រូក និងដើមប៉េកាជាដើម យកមកកាប់ចិញ្ច្រាំហាលថ្ងៃឲ្យស្ងួតច្រកការ៉ុងទុកថ្លឹងលក់ឲ្យឈ្មួញ។ ចំណែកតម្លៃដើមឈើជាឱសថបុរាណនេះ ពេលហាលស្ងួតមានតម្លៃចន្លោះពី ៥០០ រៀល ទៅ ៤ ពាន់រៀល ដូចជា ដើមកំរើកគុម្ព១គីឡូ ថ្លៃ៣ពាន់រៀល , ដើមដំរី ៥ ដក និងដើមត្រចៀកជ្រូក១ គីឡូ ថ្លៃ ៤ ពាន់រៀល ។
ដោយឡែកក្នុងមួយថ្ងៃៗ រូបគាត់ និងកូនស្រី ពី២ ទៅ៣នាក់ នាំគ្នាកាប់ចិញ្ច្រាំថ្នាំហាលស្ងួតបានប្រមាណ ១៥ គីឡូតែប៉ុណ្ណោះ គឺ២ថ្ងៃអាចកាប់ចិញ្ច្រាំថ្នាំបានមួយការ៉ុងស្មើ និងពី២៥ ទៅ ៣០ គីឡូ។ ដោយក្នុងរយៈពេល ១០ ថ្ងៃ ត្រូវលក់ម្ដងអាចបានថវិកាប្រមាណពី ៣០ ទៅ ៣៥ ម៉ឺនរៀល តែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារដែលមានសមាជិកសរុបចំនួន ៨ នាក់គឺឪពុកម្ដាយ២នាក់ និងកូន៦នាក់ ។
ប្ដីប្រពន្ធទាំងពីរនាក់ខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ការពិតទៅពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជាង ២០ គ្រួសារទៀតនៅក្នុងភូមិ មិនចេះផ្សំថ្នាំបុរាណព្យាបាលជំងឺអ្វីនោះទេ។ ចំពោះថ្នាំដែលពួកគាត់ឡើងទៅកាប់លើភ្នំនេះ គឺត្រូវគេកុម្ម៉ង់ឱ្យរកយកមកកាប់ចិញ្ច្រាំហាលថ្ងៃឲ្យស្ងួតលក់ឲ្យគេ។ ចំណែកអ្នកផ្សំថ្នាំបុរាណនោះ គឺជាគ្រូបុរាណនៅឯក្រុងភ្នំពេញឯណោះទេជាអ្នកកម្មង់ទិញ តែត្រូវឆ្លងកាត់ឈ្មួញកណ្ដាលម្នាក់ទៀតនៅក្នុងឃុំក្រាំងលាវ៕