14/03/22 10:20 AM
សម្រួលផ្សាយ៖SR2765
កំពង់ឆ្នាំង៖ ផ្លូវបេតុងជុំវិញរង្វង់មូលទូកមាស និងផ្លូវក្រាលកៅស៊ូ៣ ខ្សែនៅតំបន់ រង្វង់មូលទូកមាសស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្នុងពេលនេះបានរងការខូចខាតបាក់ស្រុត និងប៉ោងផុលជាច្រើនកន្លែងដោយសារតែរថយន្តដឹកដីលើសទម្ងន់មិនស្ដាប់ការណែនាំ ។
ករណីនេះលោកប្រធានមន្ទីរសាធារណការខេត្ត និងលោកអភិបាលក្រុងកំពង់ឆ្នាំង ថាកន្លងមកធ្លាប់ធ្វើការអប់រំរួចមកហើយ តែបើអ្នកបើកបររថយន្តដឹកដីនៅគឃ្លើញនោះ មន្ត្រីជំនាញនិងអាជ្ញាធរក្រុង នឹងសហការគ្នាចាត់វិធានការតាមវិធានការច្បាប់ដោយមិនបន្អអត់ឱននោះឡើយ ។
ទាក់ទងនឹងករណីនេះ លោក យិន សាវេ៉ន អភិបាលក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែមីនា នេះបាននិយាយតាមទូរស័ព្ទឱ្យដឹងថា កន្លងមក២ ទៅ៣ខែនេះ អាជ្ញាធរក្រុងធ្លាប់បានហៅអ្នកបើកបររថយន្តដឹកដីមកអប់រំ ពីរ-បី ដងហើយ ដោយបានបញ្ឈប់ការដឹកជញ្ជូនដីគ្មានច្បាប់អនុញ្ញាតរួចហើយ ។ គឺពេលដឹកដីត្រូវមានច្បាប់អនុញ្ញាតពីមន្ទីរជំនាញ និងអាជ្ញាធរ ។
រថយន្តដឹកដីត្រូវដឹកដីទៅតាមទម្ងន់កំណត់ នៃចំណុះរថយន្ត ដោយមិនឱ្យដឹកលើសចំណុះនោះឡើយ ដូចជារថយន្តចំណុះ ៥ តោន តទ្រុងឡើងលើដឹកបាន ៧ តោនជាដើម គឺជាទង្វើខុសច្បាប់បច្ចេកទេសនៃរថយន្ត ។ ម្យ៉ាងទៀតការដឹកដី រថយន្តត្រូវតែមានគំរបមិនឱ្យជ្រុះដីនៅលើផ្លូវឡើយ ហើយពេលមានភ្លៀងក៏មិនអនុញ្ញាតអោយដឹកដីឡើយ ។
ក្នុងរយៈពេលពីរ បីខែកន្លងមកនេះអាជ្ញាធរពុំបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនដីនៅតំបន់ខាងលើនេះឡើយ ។ ដូច្នេះបើពេលនេះនៅមានរថយន្តដឹកដីខុសច្បាប់បែបនោះមែន អាជ្ញាធរ និងមន្ត្រីជំនាញនឹងសហការគ្នាចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងនោះឡើយ ។
ដោយឡែក លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង វិញបានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា ពិតជាពិបាកណាស់រឿងខាងលើនេះ ការងារទទួលខុសត្រូវក្នុងរឿងនេះ គឺសមត្ថកិច្ចចម្រុះ ត្រូវសហការគ្នាចុះបង្ក្រាបទើបមានប្រសិទ្ធិភាព និងក៏ត្រូវមានការគាំទ្រពីរដ្ឋបាលខេត្តផងដែរ ។
សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ ក៏ធ្លាប់សំណូមពរតាមបណ្ដាញសង្គមផងដែរថា ការដឹកដីនៅតំបន់ខាងលើនេះក្រុមហ៊ុនដឹកដីមិនបានបាញ់ទឹកតាមផ្លូវលំនោះទេបណ្ដាលឱ្យដីហុ យប៉ះពាល់ដល់សុខភាពពួកគាត់ និងបើកបររថយន្តលឿនៗណាស់។ ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ចឬអាជ្ញាធរណាមួយ ជួយទប់ស្កាត់មាននោះឡើយ ។ ម្យ៉ាងទៀតផ្លូវបេតុង និងផ្លូវកៅស៊ូនៅតំបន់ខាងលើនេះដែលកសាងឡើងដោយថវិកាជាតិ បានបាក់ស្រុតប៉ោងផុលជាច្រើនកន្លែង ក៏មិនឃើញមន្ទីរជំនាញឬអាជ្ញាធរចាត់វិធានការអោយមានប្រសិទ្ធភាពនោះឡើយ ។
ដូច្នេះចំពោះការសន្យាខាងលើនេះប្រជាពលរដ្ឋរង់ចាំមើលថា តើមន្ទីរជំនាញ និងអាជ្ញាធរក្រុង ចំណាត់ការមានប្រសិទ្ធិភាពដែរឬទេ ឬក៏បន្តបណ្ដែតបណ្ដោយឲ្យរថយន្តដឹកដីមួយចំនួនខាងលើនេះ បំផ្លាញផ្លូវបេតុង និងផ្លូវកៅស៊ូរបស់ជាតិជាបន្តទៀត ។
រឿងនេះដែរ សូមឯកឧត្តម អភិបាល ខេត្តកំពង់ឆ្នាំង មេត្តាជួយប្រមើមើល និងជួយចាត់វិធានការប្រកបដោយប្រសិទ្ធភាពផងចុះ ៕