14/03/22 16:16 PM
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងពិធីបើកការ ដ្ឋានជួសជុលផ្លូវកៅស៊ូ DBST ប្រវែង៣ពាន់ម៉ែត្រនៅក្នុងសង្កាត់កំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា សុខសន្តិភាពគឺជាជម្រើសទី១ ដែលប្រជាពលរដ្ឋយើងចង់បាន។ មានសុខសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានផ្លូវគឺមានក្តីសង្ឃឹម ដែលនេះគឺជាយកចិត្តទុកដាក់កសាងប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា នៅថ្ងៃនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបើកការដ្ឋានជួសជុលផ្លូវកៅស៊ូថ្មី DBSTឡើងវិញប្រវែង៣ពាន់ម៉ែត្រឆ្លងកាត់ភូមិចំនួន៣ នៅក្នុងសង្កាត់កំពង់ឆ្នាំងដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋយើងបានធ្វើដំណើរដោយងាយស្រួលឡើងវិញ បន្ទាប់ពីផ្លូវមួយខ្សែនេះបានរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមចូលរួមជួយដាក់លូនៅតាមមុខផ្ទះរៀងៗខ្លួនដើម្បីរំដោះទឹកភ្លៀងកុំឲ្យលិចលើផ្លូវដែលនាំឲ្យផ្លូវកៅស៊ូរងការខូចខាតប្រើប្រាស់មិនបានយូរអង្វែង។ ដោយឡែក ក្រោយគឺធ្វើផ្លូវកៅស៊ូនេះរួចរដ្ឋបាលខេត្តក្រុមនឹងដាំដើមក្ងោក និងរៀបការ៉ូឡាតាមចិញ្ចើមផ្លូវ ដើម្បីប្រែក្លាយក្រុងកំពង់ឆ្នាំងមានសោភ័ណភាពល្អទាក់ទាញភ្ញៀវទេ សចរមកលេងកម្សាន្ត។
នៅក្នុងពិធីនេះដែរ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ក៏បានឡើងរាយការណ៍ឲ្យដឹងថា ផ្លូវកៅស៊ូមួយខ្សែដែលត្រូវជួសជុលថ្មីឡើងវិញនេះមានប្រវែង ៣ ពាន់ម៉ែត្រ បាតក្រោម ៨ ម៉ែត្រ ខ្នងលើចាក់កៅស៊ូ DBST មានទទឹង ៥ ម៉ែត្រ ឆ្លងកាត់៣ភូមិ គឺដំណាក់ពពូល ភូមិស្រែព្រីង និងភូមិត្រពាំងចិក្សា ក្នុងសង្កាត់កំពង់ឆ្នាំង ជាថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរ នៅតាមចិញ្ចើមផ្លូវខាងក្រោយមន្ទីរពេទ្យខេត្ត និងខាងក្រោយសាលាបំពេញវិជ្ជា ក៏មានសំណង់អនាធិបតេយ្យមួយចំនួនសាងសង់លើចិញ្ចើមផ្លូវផងដែរ ដែលត្រូវតែចូលរួមក្នុងការជួសជុលផ្លូវខាងលើនេះ។
លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់ក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនខ្សែកាប និងក្រុមហ៊ុនទឹកស្អាតមេត្តាសហការត្រួតពិនិត្យមើលខ្សែភ្លើង ខ្សែកាប និងទុយោទឹកស្អាតរបស់ខ្លួនដែលមានការពាក់ព័ន្ធដើម្បីឲ្យដំណើរការជួសជុលផ្លូវកៅស៊ូខាងលើនេះទទួលបានជោគជ័យ។ ចំណែកប្រជាពលរដ្ឋរស់នៅតាមដងផ្លូវខាងលើនេះ ត្រូវចូលរួមដាក់លូដែលមានមុខកាត់៦ តឹកនៅតាមមុខផ្ទះរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ។
នៅក្នុងឱកាសនេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត ក៏បានចូលរួមសាកសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារជូនប្រជាពលរដ្ឋ ចំនួនជាង ១០០ គ្រួសារ ជាមួយឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០ គីឡូ , ទឹកត្រីមួយយួរ , ទឹកស៊ីអ៊ីវមួយយួរ និងថវិកា ៣ ម៉ឺនរៀល ។ ចំណែកស្ត្រីមេម៉ាយចំនួន ២៥ នាក់ ក្នុងម្នាក់ៗទទួលបានថវិ កា ១០ ម៉ឺនរៀល ៕