15/03/22 09:36 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ផ្លូវកៅស៊ូប្រវែងប្រមាណជាង ២០ម៉ែត្រ កំពុងប្រេះហែកដែលអាចនឹងស្រុតបាក់ នៅមុខសំណង់ផ្ទះថ្មទ្រុឌទ្រោម ១៣ ល្វែង ដែលបានវាយចោល ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ករណីនេះបង្កឡើងដោយ ក្រុមហ៊ុនមួយជាអ្នកម៉ៅការវាយផ្ទះទ្រុឌទ្រោម១៣ ល្វែងនេះចោល។
រឿងនេះអាជ្ញាធរក្រុងកំពង់ឆ្នាំងថាក្រុមហ៊ុនខាងលើនេះ គឺជាអ្នកទទួលខុសត្រូវជួសជុលផ្លូវកៅស៊ូនេះឡើងវិញ ។
អភិបាលក្រុងកំពង់ឆ្នាំងលោក យិន សាវ៉េន នៅព្រឹកថ្ងៃទី១៤ ខែមីនា នេះបាននិយាយឲ្យដឹងថា ករណីធ្វើឲ្យផ្លូវកៅស៊ូក្នុងក្រុងកំពង់ឆ្នាំង ចំណុចផ្ទះ ១៣ ល្វែង ខាងលើនេះប្រេះខូច ខាតគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលជាអ្នកស៊ីឈ្នួលវាយផ្ទះល្វែង ១៣ល្វែង។ ព្រោះថាមុនម៉ៅការវាយផ្ទះទ្រុឌទ្រោមទាំង ១៣ ល្វែងនេះចោល គឺខាងក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរក្រុង និងខេត្តថា បើការងារខាងលើនេះធ្វើឱ្យស្រុតផ្ទះប្រជាពលរដ្ឋនៅជិតខាង ឬបាក់ស្រុតផ្លូវកៅស៊ូរបស់ខេត្ត នោះក្រុមហ៊ុនជាអ្នករ៉ាប់រងទទួលខុសត្រូវ ។
លោកអភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ដែរថា ករណីប្រេះហែកផ្លូវកៅស៊ូនៅចំណុចខាងលើនេះកាល ពីម្សិលមិញថ្ងៃទី ១៣ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារបានចុះទៅត្រួតពិនិត្យម្ដងរួចហើយ។ នៅព្រឹកថ្ងៃទី ១៤ នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងលោក ហ៊ីង ភ័ពមីនា អភិបាលរងក្រុងកំពង់ឆ្នាំង ក៏បានចុះទៅត្រួតពិនិត្យម្ដងទៀតដើម្បីវាយតម្លៃ និងរាយការណ៍ជូន ឯកឧត្តមអភិបាលខេត្ត សុំគោលការណ៍សម្រេច ។
តាមការពិនិត្យជាក់ស្ដែងនៅក្នុងការដ្ឋានខាងលើនេះ គឺក្រុមហ៊ុនទទួលម៉ៅការវាយកំទេចផ្ទះថ្មទ្រុឌទ្រោមនេះចោល បានជីកគាស់កកាយគ្រឹះផ្ទះចាស់នេះមានជម្រៅប្រមាណពី ៣ទៅ ៤ ម៉ែត្រ ។ ដោយឡែកកាល ពីអាទិត្យមុនមានភ្លៀងមួយមេធំបានធ្លាក់ចុះមកយ៉ាងខ្លាំង បង្កឱ្យផ្លូវកៅស៊ូនៅចំណុចនេះប្រេះ រហែកដែលអាចនឹងបាក់ស្រុត ។ ជាមួយគ្នានេះដែរពេលកើតឡើងនូវហេតុការណ៍នេះអាជ្ញាធរ និងសមត្ថកិច្ចក៏បានដាក់បង្គោលចងខ្សែការពារមិនឲ្យរថយន្តដឹកធ្ងន់បើកឆ្លងកាត់តំបន់ហានិភ័យនេះទេ ព្រោះខ្លាចផ្លូវកៅស៊ូរបាក់ស្រុត ។
មកដល់រសៀលថ្ងៃទី ១៤ ខែមីនា នេះអ្នកយកព័ត៌មានយើងមិនទាន់ទទួលបានព័ត៌មានថា អាជ្ញាធរក្រុងនិងខេត្តសម្រេចយ៉ាងណានោះទេចំពោះការប្រេះហែកផ្លូវកៅស៊ូ នៅតំបន់ផ្ទះថ្ម ១៣ ល្វែងនេះ៕