17/03/22 10:29 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ស្ត្រីឈ្មោះ យ៉ាត យ៉ាន អាយុ៤៥ ឆ្នាំ ជាកសិករនៅឃុំភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរីបានត្អូញត្អែរថា ឆ្នាំនេះគាត់ប្រមូផលស្រូវទទួលបានទិន្នផលទាប ចំណែកតម្លៃស្រូវក្នុងទីផ្សារក៏ចុះថោក គឹក្នុង១គីឡូលក់បានតែ ៧៥០រៀល និងបើទូទាត់ជាមួយការទិញជីដាក់ស្រែនិងទិញប្រេងបូមទឹកដាក់ស្រែ គឺការធ្វើស្រែមិនចំណេញឡើយ ។
កសិកររូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា គាត់មានដីស្រែ ២,៥០ ហិកតាឆ្នាំនេះការធ្វើស្រែប្រាំងរបស់គាត់បានដាក់ជីខុស គឺទិញជីតម្លៃថោកមកដាក់ស្រែ ដោយពេលប្រមូលគឺបានស្រូវតែ ១៦០បេ ខុសពីឆ្នាំមុនប្រមូលផលបានដល់ទៅ ២៣០ បេដោយស្រូវក្នុង ១បេៗ មានទម្ងន់ពី ៧៥ ទៅ ៨០ គីឡូក្រាម ។ បើគិតជាតោនវិញ គឺឆ្នាំមុនទទួលផលក្នុង ១ហិកតាបាន ៨តោន ប៉ុន្តែឆ្នាំនេះទទួលផលបានក្នុង១ហិកតា តែ៥តោនប៉ុណ្ណោះ ។ ចំណែកតម្លៃក្នុងទីផ្សារវិញឆ្នាំនេះស្រូវ ១ គីឡូលក់បានតែ ៧៥០ រៀល ខុសពីឆ្នាំមុនលក់បានថ្លៃពី៩០០រៀល ដល់១០០០រៀល ។
ដោយឡែកស្ត្រីជាកសិករម្នាក់ទៀតឈ្មោះស្រីអូន អាយុ ៣៥ ឆ្នាំរស់នៅភូមិព្រៃគ្រី ឃុំព្រៃគ្រីបាននិយាយឲ្យ ដឹងថា ឆ្នាំនេះជីខ្មៅឡើងថ្លៃគឺក្នុង ១ បេ ថ្លៃ២២ម៉ឺនរៀល គាត់ក៏បានកាត់បន្ថយការដាក់ជីក្នុងស្រែ ។ ដូច្នេះពេលប្រមូលផល គឺបាត់ធា ទទួល ផលបានទាប ដោយក្នុង១ហិកតា ប្រមូលផលបានតែ ៦០ បេ ខុសពីឆ្នាំមុនដាក់ជីច្រើន ក្នុង១ ហិកតា ប្រមូលផលបានដល់ ទៅ ៨០ បេ ។ ចំណែកថ្លៃជួលម៉ាសុីនច្រូតស្រូវក្នុង ១ហិកតា ថ្លៃ៣៥ ម៉ឺនរៀលសម្រាប់ស្រូវឈរ តែបើស្រូវដួលដេកវិញនោះពិបាកច្រូតក្នុង ១ ហិកតាគេយក ៣៨ ម៉ឺនរៀល ។ ចំពោះរូបគាត់ការទទួលផលបានទាបដូច្នេះ គឺមិនចំណេញនោះឡើយ ។
កសិករយើងបញ្ជាក់ថា ការធ្វើស្រែក្នុងសម័យបច្ចុប្បន្ននេះ ការភ្ជួររាស់ក៏ជួលត្រាក់ទ័រ ការច្រូតកាត់ក៏ជួលម៉ាស៊ីនច្រូត គឺត្រូវចំណាយប្រាក់ទាំងអស់ ។ បូកផ្សំនឹងជីក៏ឡើងថ្លៃ ប្រេងបូមទឹកដាក់ស្រែក៏ឡើងថ្លៃ ដូចនេះកសិករភាគច្រើនដែលមានដីស្រែតិចតួចនោះ គឺមិនចំណេញ នោះឡើយ ។
ចំពោះតម្លៃស្រូវក្នុងទីផ្សារវិញពេលស្រូវសំបូរចុះថោក ពេលស្រូវមានតិចគឺឡើងដែលនេះគឺជាក្រិតក្រមលើទីផ្សារសេរី ៕