សមត្ថកិច្ចចម្រុះ ចុះរុះរើដំបូលនិងជញ្ជាំងបែត្រីនៅលើទន្លេក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌


ត្រលប់ក្រោយ

23/03/22 17:13 PM

ចំនួនទស្សនា៖

224

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


ខេត្តកំពង់ឆ្នាំង៖ លោកអភិបាល ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២២ បានដឹកនាំសមត្ថិកិច្ចចម្រុះ និងអាជ្ញាធរឃុំឆ្នូកទ្រូ ចុះររុះរើដំបូល និងជញ្ជាំងបែត្រីដែលត្រូវបានគេលួចប្រក់ដំបូល និងបាំងជញ្ជាំងដើម្បីបន្លំរស់នៅលើផ្ទៃទឹកទន្លេ ជាថ្មីទៀត ផ្ទុយពីអនុសាសន៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។


លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ជាអ្នកដឹកនាំកម្លាំងសមត្តិកិច្ចចម្រុះចុះធ្វើការណែនាំឲ្យម្ចាស់បែត្រី រុះលើដំបូលចេញវិញនោះបានប្រាប់ឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ស្ដីពីមានអ្នកលួចចូលទៅប្រក់ដំបូល និងជញ្ជាំងរស់នៅលើផ្ទៃទឹកឡើងវិញនោះ ។ នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានកម្លាំងសរុបប្រមាណជាង ២០នាក់ រួមទាំងអាជ្ញាធរភូមិឆ្នុកទ្រូ និងឃុំឆ្នុកទ្រូ បានចុះណែនាំឲ្យម្ចាស់បែត្រីទាំងអស់អោយរុះរើដំបូល និងជញ្ជាំងបែចេញដោយខ្លួនឯង និងកន្លែងខ្លះក៏មានកង កម្លាំងសមត្ថកិច្ចចម្រុះជួយរុះរើផងដែរ ។ ចំពោះការអនុវត្តនៅព្រឹកនេះ ក្រុមចម្រុះបានរុះរើដំបូលបែត្រីធំៗ ចំនួន៤កន្លែងសរុបនិងថ្ងៃម្សិលមិញផង សរុបបានចំនួន ២៩បែ ដែលមួយកន្លែងៗ មានទំហំជាង៨០ ម៉ែ ត្រការ៉េ ។


លោកអភិបាលស្រុកបរិបូរណ៌ បានបន្តថា ម្ចាស់បែត្រីដែលបន្លំប្រក់ដំបូល បាំងជញ្ជាំង និងលួចរស់នៅបែបនេះ គឺបានប្រឆាំងនឹងអនុសាសន៍របស់អាជ្ញាធរខេត្ត ដែលតម្រូវឱ្យអ្នករស់នៅលើផ្ទៃទឹកទាំងអស់ ឡើងទៅរស់នៅលើគោកវិញឲ្យខានតែបាន។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំហាម និងដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ ។ បើពុំនោះទេនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ចំពោះផែនការរុះរើដំបូល និងជញ្ជាំងបែត្រីខាងលើនេះ គឺកំពុងតែបន្តធ្វើរហូតដល់អស់ ពីលើផ្ទៃទឹក ក្នុងឃុំឆ្នុកទ្រូនេះ ។


សូមបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការបម្លាស់ទីផ្ទះប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះមានស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជាពិសេសក្រុងកំពង់ឆ្នាំង ឲ្យឡើងមករស់នៅលើគោកវិញ តាមការរៀបចំរបស់រដ្ឋបាលខេត្ត ។


ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀត ឱកាសលួចចូលទៅរស់ នៅលើទឹកដោយបន្លំធ្វើជាបែត្រីនៅពីក្រោម ប្រក់ដំបូលពីលើ និងបាំងជញ្ជាំងរស់នៅ ដែលករណីនេះអាជ្ញាធរខេត្តនិងមិនអនុញ្ញាត្តិអោយធ្វើបែបនេះបន្តទៀតឡើយ៕


dd
Bottom Ad