30/03/22 10:05 AM
ដោយ៖ប្រសិទ្ធ
ខេត្តកំពត៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិ ប្រចាំខេត្តកំពត នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតត្រឹម ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ការសាងសង់គឺបានចំនួន ៩៣,៤១% ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពត ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតា មានជម្រៅ ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក។
ឯកឧត្តមថ្លែងទៀតថា ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសយើងនឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ កម្រិតជីភាពរបស់បងប្អូនប្រជាពលរដ្ឋយើងសម្បូរណ៍សប្បាយជាងមុន ល្អជាងមុន និងមានការអភិវឌ្ឍជាងមុន និងឈានឡើងជាលំដាប់ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ថែមទៀត។
គួរបញ្ជាក់ផងដែរថា កំពង់ផែនេះមានបណ្តោយ ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបាន ពី៣០០ ទៅ៤០០នាក់។ ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក។ មួយវិញទៀតកំពង់ផែនេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង៕