02/06/22 11:22 AM
កំពង់ឆ្នាំង៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តឃុំសំរោងសែន និងឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងឃុំសំរោងសែន និងឃុំផ្លូវទូក ស្ថិតក្នុងស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ដែលជានិច្ចកាលសម្ដេចតេជោតែងតែគិតគូរអំពីសុខទុក្ខជីវភាពរស់នៅ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះការចុះមកកាន់ទីនេះរបស់ឯកឧត្ដម និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធចំនួន៤ ទៀត រួមជាមួយសហការី ព្រមទាំងអាជ្ញាធរខេត្តបានចុះមកជួបជាមួយប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ឃុំសំរោងសែន និងឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាពេលនេះគឺដើម្បីអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យក្រុមការងារចុះមកពិនិត្យដោយផ្ទាល់ជាក់ស្ដែងលើសំណើរបស់ប្រជាពលរដ្ឋដែលមានការប៉ះពាល់លើទីតាំងដីនៅទីនេះក៏ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានថ្លែងថា ដោយក្នុងជំហានដំបូងយើងក៏បានទទួលការគាំទ្រពីប្រជាពលរដ្ឋដែលបានរំលោភបំពានលើតំបន់៣នៃតំបន់បឹងទន្លេសាបដែលចាត់ទុកថាជាតំបន់ដែលត្រូវរក្សាការពារអភិរក្សដាច់ខាត ដោយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងក៏បានប្រគល់ដីទាំងនោះដោយស្ម័គ្រចិត្តជូនដល់រាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីចំណុចមួយចំនួនដែលត្រូវធ្វើការដោះស្រាយ ដោយសារប្រជាពលរដ្ឋមានភូមិដ្ឋាន ដែលមានការបង្កបង្កើនផលនិងការតាំងទីលំនៅជាច្រើនឆ្នាំកន្លងមកហើយដូចជា នៅឃុំសំរោងសែន និងឃុំផ្លូវទូក នេះជាទឹកដីដែលបានកកើតឡើងជាយូរលង់មកហើយ ដោយឃុំនេះមិនត្រូវបានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនោះទេនាពេលកន្លងមក។ ដូច្នេះហើយផ្អែកលើគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងដោយសារប្រជាពលរដ្ឋមានសំណូមពរតាមរយៈក្រុមការងារ និងតាមរយៈអាជ្ញាធរមូលដ្ឋានដែលប្រជាពលរដ្ឋមានបំណងចង់បានប័ណ្ណកម្មសិទ្ធិដីធ្លីជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យរបស់ខ្លួនទុកជាទ្រព្យសម្បត្តិ ជាកេរ្ដិ៍មរតកសម្រាប់ក្រុមគ្រួសារ និងក្លាយជាទុនសម្រាប់ប្រជាពលរដ្ឋដាក់បញ្ចាំដើម្បីយកថវិកាមកបង្កើនមុខរបររបស់ខ្លួនបាន។ ប៉ុន្តែដោយសារដីទាំងនេះស្ថិតនៅក្នុងតំបន់ ៣ នៃតំបន់បឹងទន្លេសាបដែលស្ថិតនៅក្នុងតំបន់ការពារដោយបានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ ចំនួន ៦៤ ម៉ឺន ហិកតា នៅក្នុងខេត្តទាំង៦ ដែលស្ថិតនៅជុំវិញបឹងទន្លេសាបមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកំពង់ធំនោះ ទើបក្រុមការងារបានចុះមកពិនិត្យផ្ទាល់លើសំណើរបស់ប្រជាពលរដ្ឋនៅទីនេះ ដែលនឹងស្នើសុំឱ្យមានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ទៀតថា ទីណាដែលប្រជាពលរដ្ឋមានសំណើសំណូមពរបញ្ហាប្រឈមនិងទុក្ខលំបាកតូច ធំ នានានោះគឺសម្ដេចតេជោ ហ៊ុន សែន តែងតែផ្ដល់ភាពកក់ក្តៅ និងជួយដោះស្រាយជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលាជានិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានជំនឿជឿជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្ដល់នូវការសម្រេចដ៏ខ្ពង់ខ្ពស់ដោយអនុលោមស្របតាមសំណើសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ឃុំសំរោងសែន និងឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះជាក់ជាមិនខាន៕
ប្រភព៖ក្រសួងព័ត៌មាន