26/08/22 10:49 AM
ខេត្តកំពត ៖ នាថ្ងៃព្រហស្បតិ៍ទី២៥ ខែ សីហា ឆ្នាំ ២០២២ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៣គ្រួសារ រួមមាន៖
១- ឈ្មោះ វួន វិជ្ជរ៉ា អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
២- ឈ្មោះ ឡូយ រ៉ាក់ អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
៣- ឈ្មោះ ច្រឹក ថាវី អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
នាឱកាសនោះ លោកស្រីនាយិការងសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖
- អង្ករ២៥គីឡូក្រាម
- មី១កេស
- ត្រីខ១០កំប៉ុង
- ទឹកត្រី១យួរ
- ទឹកដោះគោឆៅ១ឡូ
- ម៉ាស១ដុំ
- អាល់កុល១ដប
- ឃីតទារកមួយកញ្ចប់ និង
- ថវិកា៥ម៉ឺនរៀលផងដែរ ៕