08/09/22 13:55 PM
ខេត្តកំពង់ឆ្នាំង៖ ដោយបាតុភូតធម្មជាតិ មានភ្លៀងធ្លាក់ស្ទើរគ្រប់ខេត្តនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលបច្ចុប្បន្នប្រទេសកម្ពុជាគឺស្ថិតនៅក្នុងរដូវវស្សាផងនោះ ធ្វើឱ្យបណ្ដាខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវការជននៅជំនន់ទឹកភ្លៀង។ ដែលធ្វើឲ្យមានការព្រួយបារម្ភពីប្រមុខរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈក្រសួងការពារជាតិ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ជាមុន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងហេតុការណ៍កើតឡើងដោយទឹកជំនន់ណាមួយជាយថាហេតុ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី និងត្រួតពិនិត្យ ការធ្វើលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ឆ្នាំ២០២២ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយលេខ៧២៥ កងពលអន្តរាគមន៍លេខ១ ស្ថិតនៅ នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការហ្វឹកហាត់លើជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ឆ្នាំ ២០២២ នេះ ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ទុកជាមុន នៅក្នុងការចេញប្រតិបត្តិការណាមួយប្រសិនបើប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្ត ពិសេសនៅតាមតំបន់ទំនាបដែលអាចនឹងទទួលរងនូវការជំនន់លទ្ធភ្លៀង ឬក៏ទឹកជំនន់ កងប្រតិបត្តិការនិងចេញជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសនូវការគ្រោះថ្នាក់ដល់អាយុជីវិតណាមួយដល់ប្រជាពលរដ្ឋកម្ពុជា។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ។ ហើយដើម្បីឱ្យការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព និងគុណភាព កងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយលេខ ៧២៥ បានធ្វើការហ្វឹកហាត់ដើម្បីបង្កើនជំនាញឲ្យកាន់តែល្អប្រសើរ។
នាឱកាសនោះដែរទេសរដ្ឋមន្ត្រី គន់ គីម បានផ្ដាំផ្ញើដល់ កងទាហានដែលជាក្រុមជួយសង្គ្រោះ និងរុករកទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាបង្កើននូវជំនាញដែលមានស្រាប់ឲ្យខ្លាំងក្លាជាងមុន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក៏ដូចជាជួយសង្គ្រោះខ្លួនឯង នៅពេលដែលចុះជួយប្រជាពលរដ្ឋផងដែរ។ ព្រោះការជួយសង្គ្រោះមិនមែនទៅជួយសង្គ្រោះប្រជាពលរដ្ឋឲ្យមានសុវត្ថិភាព ហើយខ្លួនឯងមានគ្រោះថ្នាក់នោះទេ។ នឹងត្រូវធ្វើយ៉ាងណាឱ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋ ដល់កងកម្លាំងរបស់យើងក្នុងការជួយសង្គ្រោះដល់ពួកគាត់។ ពិសេសជាងនេះទៅទៀតនោះ គឺការត្រៀមលក្ខណៈឲ្យបានរួចរាល់ទុកជាមុន៕ អត្ថបទ: ប្រសិទ្ធ