09/12/22 12:01 PM
កំពង់ឆ្នាំង៖ បេសកកម្មរយៈពេលពេញមួយថ្ងៃលើទឹកដីខេត្តកំពង់ឆ្នាំង អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចែកជូនដល់ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយជួបការលំបាកចំនួន ៨៥គ្រួសារ បន្ថែមទៀត ។
នៅរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២នេះ ដ៏ដែល លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី ដោយបានការចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ចាស់ជរា ឥតទីពឹងជួបការលំបាកដែលត្រូវការឱ្យជួយសរុបចំនួន ៨៥គ្រួសារក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ដោយរក្សាអនាម័យស្អាត ផឹក ស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីកុំឱ្យកើតជំងឺផ្សេងៗ ត្រូវប្រកបរបរចញ្ចឹមជីវិត បង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារបានមួយកម្រិតផងដែរ»។
សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបាន ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកសុីអ៊ីវ១យួរ ឃីត ១កញ្ចប់ (សារុង មុង ភួយ ក្រមា) ជែលលាងដៃ១ដប និងសាប៊ូ ១ដប ។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភបន្ថែមនូវ (បន្ទះសូឡា និងអំពូលភ្លើង)ប្រើពន្លឺព្រះអាទិត្យ ១គ្រឿង ក្នុងមួយគ្រួសារៗ ផងដែរ៕