សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ


ត្រលប់ក្រោយ

30/12/22 10:55 AM

ចំនួនទស្សនា៖

209

ប្រភព៖

កំពត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ ហើយមិនវិលទៅរកការបើកប្រាក់បៀវត្សរ៍ ជាសាច់ប្រាក់ផ្ទាល់វិញនោះឡើយ។ សម្តេចតេជោ ក៏បានណែនាំលោក សុខ ទូច ឱ្យពង្រឹងការគ្រប់គ្រងមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជាឱ្យបានល្អប្រសើរ កុំចង់ឱ្យរាជរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ជាសាច់ប្រាក់។


ការមានប្រសាសន៍លើកឡើងបែបនេះ គឺនៅក្នុងពិធីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញធ្វើជាសហធិបតី បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដែលពិធីនេះប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។


ការលើកឡើងបញ្ជាក់ជូនរបស់សម្ដេចតេជោអំពីការបើកប្រាក់បៀវត្សដល់មន្ត្រីរាជការទាំងអស់តាមរយៈប្រព័ន្ធធនាគារនេះ គឺបន្ទាប់ពីលោក សុខ ទូច ប្រធានបណ្ឌិតសភានកម្ពុជា នាពេលថ្មីៗនេះ បានមានប្រសាសន៍លើកឡើងថា ដើម្បីកំណែទម្រង់ និងធ្វើឲ្យមន្ត្រីរាជការទាំងអស់ គោរពវិន័យ វិជ្ជាជីវៈ និងបំពេញការងារបានល្អប្រសើរនោះ ចាំបាច់ត្រូវឲ្យមានការបើកប្រាក់បៀវត្សជាសាច់ប្រាក់ផ្ទាល់ បើបើកតាមប្រព័ន្ធធនាគារ អាចធ្វើឲ្យមន្ត្រីរាជការទាំងនោះ មិនបំពេញការងារតួនាទីភារកិច្ចបានល្អ និងមានមន្ត្រីខ្លះមិនមកបំពេញការងារ បែរជាទៅធ្វើការនៅខាងក្រៅ និងអាចបើកប្រាក់ខែបានដូចមន្ត្រីមកបំពេញការងារនៅការិយាល័យជាធម្មតាបានដែរ ដោយសារតែលុយនៅពេលដល់ខែរត់ចូលទៅក្នុងកុងធនាគារដោយស្វ័យប្រវត្តិ។


សូមជម្រាបថា ការលើកឡើងរបស់ប្រធានបណ្ឌិតសភាកម្ពុជានាពេលកន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ បានមានប្រសាសន៍មិនយល់ស្របតាមការលើកឡើងនេះទេ។ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តការបើកប្រាក់បៀវត្សតាមប្រព័ន្ធបច្ចេកវិទ្យាធនាគារ។ ចំពោះវិន័យ និងការអនុវត្តការងាររបស់មន្ត្រីរាជការសូមឲ្យប្រធានរាជបណ្ឌិត្យសភាពង្រឹងនូវការងារឲ្យបានល្អប្រសើរ មិនអាចតម្រូវឲ្យរាជរដ្ឋាភិបាលធ្វើតាមរាជបណ្ឌិតសភានោះទេ៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad