20/03/23 10:10 AM
ព័ត៌មានជាសំឡេង
កំពង់ឆ្នាំង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ មកពីឃុំពន្លៃ និងឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ នាពេលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដោយក្តីនឹករលឹក និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លេីគ្រប់វិស័យ ក្រោមដំបូលនៃម្លប់សុខសន្តិភាព ដែលអនុញ្ញាតិឲ្យយេីងទាំងអស់គ្នាអាចជួបជុំគ្នា និងសំណេះសំណាលសួរសុខទុក្ខគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ ។
លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេស ត្រូវបន្តរក្សាអនាម័យ និងចូលរួមអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ។ ចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ជៀសផុតពីគ្រឿងញៀន និងសេពគ្រឿងស្រវឹង ។ លោកជំទាវក៏បានជម្រុញដល់ ឪពុក ម្តាយ បងប្អូនដែលគ្រប់អាយុត្រូវទៅធ្វេីអត្តសញ្ញាណបណ្ណថ្មី អ្នកដែលហួសសុពលភាព បាត់ ឬខូចអត្តសញ្ញាណ ត្រូវទៅបំពេញបែបបទធ្វេីឡេីងវិញ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខាងមុខនេះ ដេីម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋខ្មែរ។
លោកជំទាវបានក្រេីនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន ១. អង្ករ ២៥គីឡូក្រាម ២. ទឹកត្រី ១យួរ ៣.ទឹកស៉ីអ៉ីវ ១យួរ ៤.សារ៉ុង ១, ៥.ថវិកា ២ម៉ឺនរៀល៕