26/10/23 09:46 AM
ព័ត៌មានជាសំឡេង
សៀមរាប៖ នេះជាគោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និង ស្រុកវ៉ារិន ដែលរដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ នៃអណត្តិទី៣ នាព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២៣នេះ នៅបរិវេណសាលាស្រុកអង្គរជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង ក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការសង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្ស ទាំងពីរស្រុក និង ដែលបានចូលរួម ចំនួន ៥៤៤នាក់ ស្រី១៤០នាក់ ។
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមប្រសាសន៍បញ្ជាក់របស់លោកស្រី ម៉ននី រងី្ស បានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកអង្គរជុំ និង ស្រុកវ៉ារិន ផងដែរ។ ក្នុងអង្គវេទិកានោះដែរ សមាជិកសមាជិកាអង្គវេទិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និង សំណូមពរមួយចំនួន ដោយបានលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន ១៣ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ថ្នល់ ស្ពាន លូ ), អគ្គិសនី ,បញ្ហាព័ន្ធដារ , ប្រព័ន្ធធារាសាស្ត្រ , បញ្ហាការដាក់របាំងការពារផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់រថយន្តពន្លត់អគ្គីភ័យចេញចូលមិនរួច នៅពេលទៅជួយអន្តរាគមន៍ពន្លត់ភ្លើងនៅពេលមានហេតុការកើតឡើង ។ ក្នុងនោះត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរ មាន១៣សំណួរ សំណូមពរផងដែរ។ ឯកឧត្តម អ៊ាន ឃុន បានគូសបញ្ជាក់ថា អង្គវេទិកាគោលដៅទី២នេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកប ដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ ។
ឯកឧត្តមបានលើកឡើងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភារួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ បាវវចនាទាំងប្រាំ គឺ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច ។
ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំបង្កើតឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងន័យស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមានក្នុង មូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះ ជាលើកទី៥ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិឃុំស្រុក នៃខេត្តសៀមរាបទាំងមូល ៕