14/12/21 16:10 PM
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានសហការជាមួយក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីរាជការជុំវិញខេត្តសរុបមានគ្នាចំនួន៥៥០ នាក់ ដាំដើមត្នោត១០ដើម ដើមឫស្សី១ពាន់ដើម និងដាំគ្រាប់ត្នោត៣ពាន់គ្រាប់ លើដីតំបន់ ៣ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុនបាន ថ្លែងថា ថ្ងៃនេះយើងបានសហការគ្នាជាមួយក្រ សួងពាក់ព័ន្ធ និងស្ថាប័នសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់លែង និងខេត្ត មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ សហការគ្នាដាំដើមត្នោត និងដើមឬស្សី រាប់ពាន់ដើមនៅលើដីតំបន់៣ ដែលរដ្ឋបានរហូត ដើម្បីរួមគ្នាបង្កើនព្រៃលិចទឹក ថែរក្សានិងអភិរក្សព្រៃឈើ ដែលជាជម្រកមច្ឆាជាតិនៅជុំវិញបឹងទន្លេសាបឲ្យសម្បូរដូចដើមឡើងវិញ ។
ក្នុងពេលនេះដែរ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្លាំងយុវជនឈានមុខ ដែលជាសសរទ្រូង និងជាអ្នកបន្តវេនរបស់ជាតិដែលបានចូលរួមយ៉ាងសកម្មក្នុងការដាំដុះដើមឈើព្រៃលិចទឹកជាលើកទី២ក្នុងពេលនេះ ។
ឯកឧត្តមបណ្ឌិតបានបន្តថា ចំពោះការអនុវត្តបទបញ្ជារសម្ដេចតេជោ ក្នុងការដកហូតព្រៃលិចទឹកពីជនខិល ខូចដែលបានលួចឈូសឆាយកាន់កាប់ជាកម្មសិទ្ធិនោះ ឯកឧត្តមសូមកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារអន្តរក្រសួង ដែលមានឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តស្រុក ដែលបានសហការគ្នាចុះប្រតិបត្តិការ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងពេលថ្មីៗនេះ។ ដូច្នេះចំពោះអ្នករឺងរុះមិនព្រមសារភាពប្រគល់ដីតំបន់៣ ជូនរដ្ឋវិញនោះ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះនឹងបន្តត្រូវចាត់វិធានការតាមផ្លូវច្បាប់។
នៅក្នុងពិធីនេះដែរ លោក ចេង ចាន់ដូណា អភិបាលរងស្ដីទី ស្រុកកំពង់លែងបានរាយការណ៍ឲ្យដឹងថា ថ្ងៃ នេះរដ្ឋបាលស្រុក និងរដ្ឋបាលស្រុកខេត្ត បានសហការជាមួយក្រសួងពាក់ព័ន្ធដាំដុះដើមត្នោតចំនួន១០ ដើម ដាំគ្រាប់ត្នោតចំនួន៣ពាន់គ្រាប់ និងដាំដើមឬស្សីចំនួន១ពាន់ដើមនៅលើដីតំបន់៣ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ជាប់នឹងព្រំប្រទល់ដីខេត្តកំពង់ធំ។ ដោយឡែកកន្លងមកកាលពីថ្ងៃទី០២ ខែធ្នូ រដ្ឋបាលខេត្តក៏បានតាមដើមឈើព្រៃលិចទឹកចំនួន២ពាន់ដើមផងដែរនៅតំបន់គោកព្រះ លើដីតំបន់៣ជាង២ពាន់ហិកតា ដែលបានដកហូត ។
ចំពោះលទ្ធផល នៃការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ គឺចាប់ពីថ្ងៃ ទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី០១ ខែធ្នូ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង យើងបានប្រើប្រាស់កម្លាំងប្រដាប់អាវុធចម្រុះចំនួន ២១៧ នាក់ រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ បានដកហូតដីតំបន់៣ ចំនួន ២០៥៨.៥០ ហិកតា ពីអ្នកសារភាពចំនួន ១៣នាក់ នៅតំបន់គោកព្រះ ក្នុងឃុំច្រណូកស្រុកកំពង់លែង។
ក្នុងនោះដែរ កម្លាំងចម្រុះយើងបានចុះរុះរើរោងចាំស្រែចំនួន ៥៥ ខ្នង រុះរើបង្គោលបោះលើដីតំបន់៣បាន ២៥៣ ដើម និងបានលើកផ្លាកប៉ាណូ ផែនទីកំណត់ដីតំបន់៣ នៅក្នុងខេត្តកំពង់ឆ្នាំងចំនួន២ផ្លាក នៅក្នុងដីតំបន់៣ ចំណុចគោកព្រះស្រុកកំពង់លែង។ ដោយឡែកក្នុងពេលថ្មីៗនេះ រដ្ឋបាលស្រុកកំពង់លែងបានទទួលលិខិតសារភាពពីប្រជាពលរដ្ឋចំនួន ១១៥០ នាក់ បានសារភាព ដែលបានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ជូនរដ្ឋវិញចំនួនជាង ៤,៦០០ហិកតា។ ការងារបន្ត អាជ្ញាធរស្រុកនិងបន្តចុះអប់រំផ្សព្វផ្សាយនូវបទបញ្ជារបស់សម្ដេចតេជោ និងផ្សព្វផ្សាយអំពីច្បាប់ស្តីពីព្រៃឈើ ជូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបនៅគ្រប់មូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាការពារព្រៃលិចទឹកតំបន់៣ នៅជុំវិញបឹងទន្លេសាបឲ្យបានបានគង់វង្សទៅអនាគត៕