24/12/21 08:50 AM
កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើជាអធិបតី នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ "សូមកុំយកកូវីដ- ១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស" បានថ្លែងទៅកាន់មន្ត្រីរាជការជុំវិញខេត្តជាង ៤០០នាក់ ដែលបានចូលរួមក្នុងទិវានេះថា ឥឡូវនេះនៅក្នុងកម្ពុជាយើងមានកុមារជាង ១ លាន នាក់ កំពុងប្រឈមនឹងអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ ដោយសារតែឪពុកម្ដាយធ្វើចំណាកស្រុក។ ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះ ប្អូនៗជំនាន់ក្រោយត្រូវតែថែរក្សាវប្បធម៌ជាតិឲ្យបានល្អ ដោយសូមកុំនាំយកវប្បធម៌បរទេសមកអនុវត្តនៅក្នុងសង្គមជាតិ និងដើម្បីទប់ស្កាត់បញ្ហានេះ យើងត្រូវហ៊ានធ្វើពលីកម្ម ហ៊ានចូលរួមដើម្បីមិត្តភក្កិយើង គ្រួសារយើង សហគមន៍យើងរស់នៅមានសេចក្តីសុខ ។
លោកជំទាវបានបន្តថា ការអប់រំទូន្មានកូនចៅ របស់ឪពុកម្ដាយពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គ មគ្រួសារ ប៉ុន្តែការអប់រំមានសំដីធំ និងបែបហិង្សា វាមិនបាននាំមកនៅផលល្អដល់គ្រួសារឡើយ។ ផ្ទុយទៅវិញ បានធ្វើឲ្យកូនចៅខ្លះវេចបង្វិចចេញពីក្រុមគ្រួសារទៅរស់នៅជាក្រុមជាមួយមិត្តភក្កិ ដែលករណីនេះពិតជាមានការប្រឈមខ្លាំងណាស់ចំពោះអំពើជួញដូរផ្លូវភេទនៅក្នុងសង្គមយើងបច្ចុប្បន្ននេះ។ តាមច្បាប់ឪពុកម្ដាយមិនអាចបោះបង់កូនជាអនីតិជនបានឡើយ ហើយបើយើងជាឪពុកម្ដាយគ្មានលទ្ធភាពអប់រំកូននោះទេ គឺសុំកុំបង្កើតកូន និងកុំយកកូនទៅបោះចោលក្នុងធុងសំរាម ដែលជាអំពើបាបធ្ងន់ធ្ងរណាស់។
លោកជំទាវ ជូ ប៊ុនអេង សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ សូមកុំចំណាកស្រុកដោយប្រថុយប្រថានដែលយើងមិនស្គាល់ប្រទេសគេ មិនស្គាល់វប្បធម៌គេ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ចនិងការជួញដូរផ្លូវភេទ។ ក្នុងសភាពការណ៍នេះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឲ្យគាត់យល់បានអំពីច្បាប់នៃអំពីអំពើជួញដូរផ្លូវភេទ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរផ្លូវភេទឲ្យមានប្រសិទ្ធភាព ។
ទាក់ទងនឹងវិបត្តិជំងឺកូវីដ-១៩ វិញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជាយើងពិតជាធ្វើបាន ដោយសម្ដេចបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនសង្គ្រោះជីវិតប្រជាពលរដ្ឋ និងបានធ្វើឱ្យជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះ។ គិតមកដល់ប៉ុន្មានថ្ងៃថ្មីៗនេះ តួលេខអ្នកឆ្លងមានចំនួនតែពីរខ្ទង់ និងអ្នកស្លាប់មានលេខតែមួយខ្ទង់ និងថ្ងៃខ្លះនោះគ្មានអ្នកស្លាប់ដោយសារកូវីដ-១៩ នោះទេ ។ លទ្ធផលខាងលើនេះ សម្ដេចតេជោ បានប្រកាសបើកប្រទេសឡើវិញ និងក៏បានប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ផងដែរ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសចូលរួមអបអរសាទរយ៉ាងខ្លាំង។
ទោះបីមានជោគជ័យក៏ដោយ ប៉ុន្តែមកដល់ពេលនេះ ជំងឺកូវីដបំប្លែងថ្មីអូមីក្រុង បានចូលមកដល់ក្នុងកម្ពុជាហើយ ដូចនេះសូមអំពាវនាវប្រជាពលរដ្ឋយើងទាំងអស់រួម និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្តទៀតកុំធ្វេសប្រហែសឡើយ ដោយត្រូវចូលរួមអនុវត្តវិធានការក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ ការពារ ទាំងអស់គ្នា និងរស់នៅតាមគន្លងថ្មីដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។
នៅក្នុងឱកាសនេះដែរ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឡើងអានរបាយការណ៍បូកសរុបប្រចាំឆ្នាំ អំពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងឆ្នាំ២០២១ នេះឲ្យដឹងថា គណៈកម្មការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង បានដឹកនាំសម្របសម្រួល និងជំរុញការធ្វើសកម្មភាពបង្ការទប់ស្កាត់យ៉ាងសកម្ម លើការផ្សព្វផ្សាយអំពីច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកប្រកប ដោយសុវត្ថិភាព ច្បាប់ទប់ស្កាត់ការជួញដូរគ្រឿងញៀន អំពើអាណាចារ ច្បាប់ទប់ស្កាត់ការជួញដូរស្ត្រី និងកុ មារ ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងសហគមន៍នសរុបបានចំនួន ១៩, ២១០ លើក។
ការងារអនុវត្តច្បាប់ សមត្ថកិច្ចបង្ក្រាបបានចំនួន ៤ ករណី ចាប់ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ស្រី ១ នាក់បញ្ជូ នទៅតុលាការខេត្ត។ ក្នុងនោះមាន អំពើរួមភេទជាមួយអនិតិជនអាយុ ក្រោយ១៥ឆ្នាំ ចំនួន ៣ ករណី ជន សង្ស័យ ៣ នាក់ប្រុស និងអំពើលក់ដូរមនុស្ស១ករណី ជនសង្ស័យស្រី ១ នាក់ ។
មន្ទីរសុខាភិបាលខេត្ត បានចេញងវិញាបនបត្រធ្វើកោសល្យវិច្ច័យដល់ជនរងគ្រោះ ដោយករណីរំលោភសេពសន្ថវៈចំនួន ១៤ ករណី អាយុ ១ ឆ្នាំ ដល់ ៣ ឆ្នាំ ៣ករណី អាយុ ៥ ឆ្នាំ ដល់ ១៤ ឆ្នាំ ៧ ករណី និងអាយុ១៥ ឆ្នាំដល់ ២៤ ឆ្នាំ ៤ ករណី។
ការងារយុត្តិធម៌សាលាដំបូងខេត្តកំពង់ឆ្នាំង មានសំណុំរឿងចំនួន ៨រឿង ចាត់ការបានចំនួន ៥រឿង នៅសល់ ៣ រឿង កំពុងចាត់ការបន្ត។ ការងារចៅក្រមស៊ើបសួរមានសំណុំរឿងសរុប ២០ រឿង ចាត់ការរួច១រឿងនៅសល់ ១៩ រឿងកំពុងចាត់ការបន្ត។ ការងារចៅក្រមជំនុំជម្រះមានសំណុំរឿង ៨ រឿង កំពុងចាត់ការបន្ត។
ទិសដៅសម្រាប់អនុវត្តបន្ត គឺបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ តាមរយៈការផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ កេងប្រវ័ញកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ អំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដទៃទៀត ឲ្យបានដល់ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យក្នុងសាលារៀន និងក្រៅសាលារៀន និងជនដែលងាយរងគ្រោះ៕