27/12/21 12:19 PM
ព័ត៌មានជាសំឡេង
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ កន្លែងលំហែកាយទឹកចេញភូមិយើង ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ជាប់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ស្វាគមន៍ភ្ញៀវទេសចរណ៍មកបោះ តង់សម្រាកកំសាន្ត មុជទឹកជ្រោះទឹកធ្លាក់ជ្រាវ និងជិះគោយន្តលេងកំសាន្តយ៉ាងសប្បាយរីករាយ ។
លោក សុខ ជា អ្នកគ្រប់គ្រងកន្លែងលំហែកំសាន្ត ទឹកចេញភូមិយើង បានឲ្យដឹងថា ទីតាំងលំហែកំសាន្ត ទឹកចេញភូមិយើងមានចម្ងាយជាង៣០ គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស និងមានចម្ងាយប្រមាណជាង៣០ គីឡូ ម៉ែត្រពីស្រុកឧត្ដង្គ ដឹងមានចម្ងាយប្រមាណជាង ០១ គីឡូម៉ែត្រខាង កើតរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ។
លោក សុខ ជា បានបន្តថា កន្លែងលំហែកាយ ទឹកចេញភូមិយើងទើប តែបង្កើតឡើងនៅពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២១នេះទេ ដែលអាចទទួលភ្ញៀវទេសចរណ៍ជិតឆ្ងាយមកបោះតង់ មកជិះគោយន្តដើរលេងកំសាន្តក្នុងតំបន់មូលដ្ឋានដែលមានភ្នំព័ទ្ធជុំវិញ និងមានដងជ្រោះទឹកធ្លាក់ជ្រាវ មុជទឹកកំសាន្តយ៉ាងសប្បាយរីករាយ ។ ជាមួយគ្នានេះដែរកន្លែងលំហែកាយ ទឹកចេញភូមិយើងក៏មានសេវាលក់ដូរម្ហូបអាហារ និងភេសជ្ជៈនានា មានតន្ត្រីបូរាណ សម្រាប់ភ្ញៀវទេសចរណ៍មកបោះតង់លំហែកាយផងដែរ ។ ក្នុងនោះសេវាជួលតង់ស ម្រាកលេងកំសាន្តក្នុង១ថ្ងៃ ២ម៉ឺនរៀល, បើមានតង់ខ្លួនឯងសេវាក្នុងទីតាំងលំហែកាយ១ថ្ងៃ១ម៉ឺនរៀល ប៉ុន្តែបើមិនបោះតង់សម្រាកទេគ្រាន់តែចូលមកលេងជាធម្មតានោះ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ ។ ជាមួយគ្នានេះដែរទីតាំងលំហែកាយទឹកចេញភូមិយើង មានសេវាម្ហូបអាហារ ភេសជ្ជៈ តន្ត្រីបូរាណសម្រាប់ កន្លែងហាត់ប្រាណ វាយប៊ូល លើកអាល់ទែរ សំរាប់បំរើតម្រូវការរបស់ភ្ញៀវទេសចរណ៍ផងដែរ រួមទាំងមានបង្គន់អនាម័យ មានប្រជាក្នុងមូលដ្ឋាន ការពារសន្តិសុខ និងសុវត្ថិភាពផងដែរ ។
លោក សុខ ជា បានឲ្យដឹងទៀតថាការបង្កើតកន្លែងលំហែកាយទឹកចេញភូមិយើងនេះ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលកន្លងមកពួកគាត់មានមុខរបរឡើងភ្នំកាប់ឈើចិញ្ចឹមជីវិតនោះ ប្រែក្លាយមកជាអ្នកបំរើសេវាដឹកភ្ញៀវទេសចរណ៍តាមគោយន្តដើរកម្សាន្តលំហែកាយ ជាអ្នកដាំចំការក្រូច ចម្ការមៀន ចំការចេកវិញ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងដើម្បីចូលរួមទប់ស្កាត់ ការកាប់ដើមឈើតាមព្រៃភ្នំរបស់រដ្ឋ ។ បុរសអ្នកភូមិម្នាក់ដែលជាអ្នកបើកគោយន្តដឹកភ្ញៀវទេសចរណ៍ដើរលេងកំសាន្តបានឱ្យដឹងថា សេវាដឹកភ្ញៀវរបស់គាត់មិនកំណត់ថ្លៃឈ្នួលទេគឺទៅតាមទឹកចិត្តរបស់ភ្ញៀវឱ្យគាត់។
ចំពោះការជូនភ្ញៀវដើរលេង គឺដើរលេងមើលទឹកជ្រោះជ្រលងដងអូរតាមព្រៃភ្នំ មើលចំការដំណាំនានារបស់អ្នកស្រុក និងក៏អាចមុជទឹកជ្រោះលេងកម្សាន្តយ៉ាងសប្បាយ រីករាយផងដែរ ។ ដូច្នេះប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ទឹកចេញភូមិយើង សូមអំពាវនាវដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយ សូមអញ្ជើញមកសម្រាកលំហែកាយ មកលេង កម្សាន្តយ៉ាងសប្បាយរីករាយពិតជាមិនខុសបំណងនោះឡើយ ៕