29/12/21 09:28 AM
ព័ត៌មានជាសំឡេង
កំពង់ឆ្នាំង៖ នៅក្នុងពិធីឆ្លងឆ្នាំសកលថ្ងៃទី៣០ និងទី៣១ ខែធ្នូឆ្នាំ២០២១ ឆ្លងឈានចូលឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានគ្រោងរៀបចំកន្លែងប្រារព្ធពិធីលេងតន្ត្រី និងកាំជ្រូចឆ្លងឆ្នាំសកលចំនួន ៣ កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង ២កន្លែង និងនៅក្នុងស្រុករលាប្អៀរ១កន្លែង(បឹងឈ្វាំង)។
យោងលិខិតបង្គាប់ការចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ របស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ទីតាំងទី១ ទទួលខុសត្រូវដោយ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅសួនកុមារមុខសាលាខេត្ត និងសួនដើមពោធិ៍វិមានឯករាជ្យកណ្ដាលក្រុងកំពង់ឆ្នាំង រៀបចំតន្ត្រីសម័យ និងបាញ់កាំជ្រួចនៅក្នុងសាលាខេត្ត។ ទីតាំងទី២ ទទួលខុសត្រូវដោយ ឯកឧត្តម ស៊្រន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង រៀបចំប្រគំតន្ត្រីសម័យ និងបាញ់កាំជ្រូច នៅសួនច្បារសម្ដេចជហ្វាវាំង គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ។ ទីតាំងទី៣ ទទួលខុសត្រូវដោយ ឯកឧត្តម សាន់ យូ អភិបាលរងកំពង់ឆ្នាំង រៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួច នៅបឹងឈ្វាំង ក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំងទាំង៣ រូប ខាងលើ មានភារកិច្ចដឹកនាំសម្របសម្រួល ដោះស្រាយ និងរៀបចំទីតាំងប្រគុំតន្ត្រី បាញ់កាំជ្រួច រៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ដើម្បី ឲ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងស ប្បាយរីករាយ ជូនថ្នាក់ដឹកនាំ មន្ត្រីរា ជការ និងប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ដើម្បីអបអរឆ្លងឆ្នាំសកល ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាល បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ដោយឡែក លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ នៅល្ងាចថ្ងៃ ទី២៨ ខែធ្នូ នេះបានឲ្យដឹងថា រមណីយដ្ឋានបឹងឈ្វាំង គឺជាបឹងធម្មជាតិស្តុបទឹកមួយកន្លែងមានទំហំ ៣០ហិកតា ដែលនៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារជាតិថ្នាក់កណ្ដាល ចុះពង្រឹងខេត្តកំពង់ឆ្នាំង បានរៀបចំសួនច្បារតាមមាត់បឹងទនេះគួរជាទីមនោរម្យ ដែលជាតំបន់កម្សាន្តថ្មីមួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង សូមអញ្ជើញចូលរួមអបអរក្នុងកម្មវិធីឆ្លងឆ្នាំសកល ដោយត្រូវចូលរួមរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន ឲ្យបានល្អប្រ សើរផងដែរ នៅតាមទីតាំងប្រារព្ធពិធីទាំង ៣ កន្លែង ខាងលើនេះ៕