ផ្ទះថ្ម១៣ល្វែងកសាងជំនាន់បារាំងមានអាយុកាល៩០ឆ្នាំមានសភាពពុកផុយទ្រោមត្រូវបានម្ចាស់ជាពលរដ្ឋ១២ គ្រួសារចាកចេញហើយដែលត្រៀមវាយចោលក្នុងពេលខាងមុខនេះ


ត្រលប់ក្រោយ

29/12/21 10:01 AM

ចំនួនទស្សនា៖

310

ប្រភព៖

កំពង់ឆ្នាំង

ព័ត៌មានជាសំឡេង

សម្រួលផ្សាយ៖SR276

កំពង់ឆ្នាំង៖ ផ្ទះថ្មចំនួន១៣ ល្វែងដែលបានកសាងនៅជំនាន់បារាំងមកដល់ពេលនេះមានកាលអាយុជិត ៩០ ឆ្នាំហើយ មានសភាពពុកផុយទ្រុឌទ្រោម ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១២ គ្រួសារ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។


ក្នុងពេលថ្មីៗនេះប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង ១២គ្រួសារ បានយល់ព្រមចាកចេញហើយជៀសវាងហានិភ័យដែលអាចនិងបាក់ស្រុត បង្កគ្រោះថ្នាក់ដល់អាយុជីវិត ដើម្បីទុកឲ្យអាជ្ញាធរជួយវាយកំទេចចោលក្នុងពេលឆាប់ៗខាង មុខនេះ ។

ឯកឧត្តម សាន់ យូ អភិបាលរង នៃគណៈអភិបាលរងខេត្តកំពង់ឆ្នាំង កាលពីអំឡុងពាក់កណ្ដាលខែធ្នូឆ្នាំ២០២១ កន្លងមក ក្នុងពេលចុះណែនាំប្រជាពលរដ្ឋជាម្ចាស់ផ្ទះឱ្យចាកចេញពីផ្ទះទាំង ១៣ ល្វែងដែលមានហានិភ័យនេះ បានឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី និងសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅក្នុងអំឡុងឆ្នាំ២០១៩ បានជម្រាបជូនដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង ១៣ ល្វែង ផ្ទះថ្មខាងលើនេះបានកសាងឡើងនៅជំនាន់បារាំង មានអាយុកាលជិត៩០ ឆ្នាំហើយ និងមកដល់ពេលនេះមានសភាពទ្រុឌទ្រោមពុកផុយ ដែលមិនអាចរស់នៅទៀតបានឡើយ ព្រោះអាចនឹងរលំបាក់ស្រុតបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នករស់នៅ ។ ហេតុនេះអាជ្ញាធរខេត្តសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង ១២ គ្រួសារ សូមធ្វើការចាកចេញពីផ្ទះទាំង១៣ល្វែងនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ។ ប៉ុន្តែក្រោយពីអាជ្ញាធរខេត្តក្រុង និងស្ថាប័នពាក់ព័ន្ធបានជូនដំណឹងដូចខាងលើនេះអស់រយៈកាល ៣ឆ្នាំ និងដោយមានការណែនាំអប់រំជាបន្តបន្ទាប់ចំពោះហានិភ័យផងនោះ ទើបប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១២ គ្រួសារយល់ព្រមចាកចេញនៅអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ នេះ ។


ចំពោះវិធានការបន្តអាជ្ញាធរខេត្តបានណែនាំដល់ប្រជាពលរដ្ឋទាំង ១២ គ្រួសារ ធ្វើលិខិតស្នើសុំរួមគ្នា១ សុំ ច្បាប់អាជ្ញាធរខេត្ត សុំវាយផ្ទះល្វែងនេះចោល ។ ក្រោយពីវាយកំទេចចោលរួចហើយនោះ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ត្រូវធ្វើលិខិតរួមគ្នាមួយទៀត ស្នើសុំអាជ្ញាធរខេត្តសុំប្លង់កសាងសំណង់លំនៅឋាននេះឡើងវិញ ។ ជាមួយគ្នានេះដែរអាជ្ញាធរខេត្ត បានសន្យាថា នឹងជួយធ្វើការសម្របសម្រួលជាមួយមន្ទីរជំនាញជួយគូរប្លង់ និងចេញប្លង់ជូនប្រជាពលរដ្ឋឲ្យបានឆាប់ ដោយមិនឱ្យរាំងស្ទះយូរនោះឡើយ ។

ប្រជាពលរដ្ឋជាម្ចាស់ផ្ទះខាងលើនេះក៏ធ្លាប់បាននិយាយ ឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា ដោយមានការ សន្យារបស់អាជ្ញាធរខេត្ត ដែលបានលើកឡើងថានឹងជួយសម្រួលក្នុងការវាយកម្ទេចផ្ទះនេះចោល និងជួយគូរប្លង់ និងចេញប្លង់អនុញ្ញាតឱ្យសាងសង់លំនៅដ្ឋាននេះឡើងវិញនោះ ទើបពួកគាត់យល់ព្រមចាកចេញ ។ ហេតុនេះពួកគាត់បានសំណូមពរដល់ក្រុមអ្នកសារព័ត៌មាន សុំឲ្យជួយធ្វើសាក្សី និងដឹងឮផងដែរចំពោះការសន្យាខាងលើនេះ របស់អាជ្ញាធរខេត្ត ។


សូមបញ្ជាក់ផងដែរថា ក្រោយពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះចំនួន១២ គ្រួសារបានចាកចេញ អាជ្ញាធរក្រុងនិងខេត្តក៏បាន ធ្វើរបងហ៊ុមព័ទ្ធសំណង់ទាំង១៣នេះ និងក៏បានកាត់ ផ្ដាច់ចរន្តអគ្គិសនី នៅក្នុងផ្ទះទាំង ១៣ ល្វែងខាងលើនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់រលំបាក់ស្រុត ដែលនឹងអាចកើតឡើងជាយថាហេតុ និងដើម្បីត្រៀមវាយកំទេចចោលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ក្រោយពេលប្រជាពលរដ្ឋជាម្ចាស់ផ្ទះបានសុំច្បាប់វាយកម្ទេចផ្ទះល្វែងនេះចោលជាផ្លូវការ ៕ 


dd
Bottom Ad