30/12/21 09:38 AM
ព័ត៌មានជាសំឡេង
កំពង់ឆ្នាំង៖ ពិធីប្រកាសតែងតាំងលោក ចេង ចាន់ដូណា ចូលកាន់តំណែងជាអភិបាលស្រុកបរិបូណ៌ ជំនួសលោក យឹម សារិន ដែលជាអតីតអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ត្រូវបានផ្លាស់ទៅបម្រើការងារនៅសាលាកំពង់ឆ្នាំង។ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងសាលាស្រុ កបរិបូណ៌ ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុ ភា អភិបាលរងខេត្តកំពង់ឆ្នាំង។
នៅក្នុងពេលប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកបរិបូណ៌លោក ចេង ចាន់ដូណា បានប្តេជ្ញាខិតខំយកអស់ពីកម្លាំងកាយចិត្ត អនុវត្តឲ្យបានតាមគោលការណ៍ និងអភិក្រមទាំង៥ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ អនុវត្តនៅនយោបាយកែទម្រង់ និងស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាល អនុវត្តនូវការងារ វិមជ្ឈការ និងសហការពាក្យមជ្ឈការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ យកចិត្តទុកដាក់សហការជាមួយអាជ្ញាធរគ្រប់មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីកសាងនិងអភិវឌ្ឍទឹកដីស្រុកបរិបូណ៌ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
ក្នុងឱកាសនោះដែរលោក អម សុភា បានមានប្រសាសន៍ណែនាំ ដល់លោកអភិបាលស្រុកបរិបូណ៌ថ្មី ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ត្រូវគោរពតាមការណែនាំរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកបរិបូណ៌ និងសហការជិតស្និទ្ធជាមួយស្ថាប័ននានា សំដៅសម្រេចឱ្យបានជាដាច់ខាតនូវការរក្សាសុខសន្តិភាព សេ្ថរភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ អនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព លុបបំបាត់គ្រឿងញៀន និងរាល់បទល្មើសផ្សេងៗ ដូចជាការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសនេសាទជាដើម។