30/12/21 10:52 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ លោកយាយ បុិ តុំ អាយុ ៧៨ ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងចិញ្ចឹមចៅប្រុស ២ នាក់តាំងពីតូចដែលម្ដាយឪពុកបោះបង់ចោល រស់នៅក្នុងស្ថានភាពក្រីក្រលំបាកមានជីវភាពខ្វះខាត ។ ជាមួយគ្នានេះដែរក៏បានរងគ្រោះរលាកទឹកសម្លរលើជើងខាងឆ្វេងទៀត ជាង១០ ថ្ងៃហើយសំណូមដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយសង្គ្រោះលោកយាយផង ។
ជួបជាមួយអ្នកយកព័ត៌មានយើងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោកយាយបានបញ្ជាក់ឲ្យដឹងថាលោកយាយមានកូនស្រី ២នាក់ ម្នាក់រស់នៅជាមួយប្តីនៅខេត្តឆ្ងាយ ម្នាក់ក្រោយពីបានលែងលះជាមួយប្តីបានទៅធ្វើជាកម្មកររោងចក្រនៅខេត្តឆ្ងាយ បន្សល់ទុកកូនប្រុស ២ នាក់ ឱ្យលោកយាយចិញ្ចឹមថែរក្សាតាំងពីតូចៗអាយុ ២-៣ ឆ្នាំ រហូតមកពេលនេះ ។ លោកយាយបានបន្តថា ពីមុនមកលោកយាយក៏មានដីធ្លី និងដីស្រែធ្វើចិញ្ចឹមជីវិតផងដែរ ប៉ុន្តែនៅពេលប្ដីរបស់លោកយាយឈឺធ្ងន់លោកយាយបានយកដីលំនៅដ្ឋាន និងដីស្រែទៅបញ្ចាំធនាគារយកថវិកាមើលជំងឺប្ដី តែជាអកុសលប្តីលោកយាយក៏បានស្លាប់ ចំណែកដីលំនៅឋាននិងដីស្រែក៏ត្រូវបានធនាគាររឹបអូសយកអស់ទៅ ។ សព្វថ្ងៃលោកយាយបានសុំដីអ្នកស្រុកសង់ខ្ទមស្លឹករស់នៅបណ្ដោះ អាសន្នចិញ្ចឹមចៅប្រុស ២ នាក់ ម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ ១០ឆ្នាំ យ៉ាងលំបាកដោយប្រកប មុខរបរធ្វើបាយសី ធ្វើស្លាធម៌ ជាមួយអ្នកភូមិ ២ នាក់ ផ្សេងទៀតដើម្បីយកប្រាក់ចិញ្ចឹមជីវិតជាមួយចៅៗយ៉ាងត្រដាបត្រដួស ប៉ុន្តែមុខរបរធ្វើបាយសី និងស្លាធម៍នេះពុំមានគេធ្វើជារៀងរាល់ថ្ងៃនោះទេ ។
លោកយាយបាននិយាយថា ក្រីក្រខ្វះខាតហើយរងគ្រោះរលាកទឹកសម្លរទៀត ដែលកាលពី ១០ ថ្ងៃ មុន ពេលសម្លរឆ្អិនហើយ លោកយាយបានលើកឆ្នាំងសម្លរមកដោយទាំងជើងឆ្នាំង ហើយខ្ទាស់ដៃក៏កំពប់ទឹកសម្លរមកលើជើងខាងឆ្វេង បណ្ដាលឱ្យរលាករបួសយ៉ាងធ្ងន់ធ្ងរ ដោយភាពក្រីក្រលោកយាយមិនបានទៅព្យា បាលនៅមន្ទីរពេទ្យទេ គឺបានអ្នកស្រុកជិតខាងជួយទិញថ្នាំពេទ្យមកលាបលើមុខរបួសព្យាបាលនៅផ្ទះ ។
ដោយស្ថានភាពក្រីក្រខ្វះខាតលោកយាយបានលើកដៃសំពះ សំណូមពរដល់សប្បុរសជនជិតឆ្ងាយ មេត្តាជួយ សង្គ្រោះលោកយាយផង ៕