30/12/21 15:04 PM
ព័ត៌មានជាសំឡេង
កំពង់ឆ្នាំង៖ លោកជំទាវ គ្រី សារ៉ន ប្រធានស្តីទីសមាគមប្រជាជនដើម្បីសន្តិភាព នៅក្នុងឱកាសនាំយកអំ ណោយ ផ្តល់ជូនក្រុមកីឡាករអុំទូកចំនួន២ក្រុម នៅទំនប់ឈ្វាំង ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា សូមកោតសរសើរដល់ទឹកចិត្តក្រុមកីឡាករប្រណាំងទូកទាំងអស់ ដែលឆ្លៀតឱកាសមកចូលរួមឆ្លងឆ្នាំសកលក្នុងពេលនេះ គឺជាការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យពិធីនេះមានប្រជាពលរដ្ឋមកទស្សនាបានសប្បាយរីករាយ។
លោកជំទាវ បានផ្ដាំផ្ញើដល់បងប្អូនជាកីឡាករ សូមរួបរួមសាមគ្គីភាពឯកភាពគ្នា ដើម្បីឈ្នះឈ្នះទាំងអស់គ្នាក្នុងការប្រឡងប្រណាំងជាមិត្តភាព។ ដូច្នេះ ក្នុងនាមសមាគមប្រជាជនដើម្បីសន្តិភាព សូមនាំមកនូវសារុងចំនួន ៨០ និងថវិកាចំនួន ៤០ម៉ឺនរៀល និងនំមួយកេះធំផ្ដល់ជូនដល់ក្រុមកីឡាករផងដែរ។
លោក យ៉ង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ ក្នុងឱកាសនេះ ក៏បានថ្លែ ងអំណរគុណដល់លោកជំទាវ គ្រី សារ៉ន ប្រធានស្ដីទីសមាគមប្រជាជនដើម្បីសន្តិភាព និងសហការី ដែលបាននាំយកអំណោយមកផ្តល់ជូន និងសាកសួរទុក្ខដល់ក្រុមកីឡាករក្នុងពេលនេះ។ លោកអភិបាលស្រុករលាប្អៀរ ក៏បានបញ្ជាក់ដែរថា ការរៀបចំ ឆ្លងឆ្នាំសកល២០២១ ចូលឆ្នាំ២០២២ ស្រុករលាប្អៀរ បានរៀបចំការប្រគុំតន្ត្រីសម័យ បាញ់កាំជ្រួច និងតាំងលម្អភ្លើងពណ៌នៅជុំវិញបឹងឈ្វាំងនេះផងដែរ ដើម្បីស្វាគមន៍ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងដែលមកចូលរួមលេងកម្សាន្ត៕