02/01/22 10:43 AM
លោក លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខក្លឹបវ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាបករណីនេះ លោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុច មុខក្លឹបវ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។ក្នុងកិច្ចប្រតិបត្តិការនេះ យើងបានឃាត់ខ្លួនបានជនសង្ស័យ០១នាក់ បញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ព្រមទាំងដកហូតវត្ថុតាងមានដូចជា ម៉្សៅម៉ត់ពណ៌ស ចំនួន១២កូនថង់កិប ទម្ងន់ ១០,៤៨ក្រាម, គ្រាប់ថ្នាំពណ៌ផ្ការឈូកចំនួន០៣គ្រាប់, គ្រាប់ថ្នាំពណ៌ត្រួយចេកចំនួន០៤គ្រាប់, កេតតាម៉ីនដប ចំនួន០១ដប ទូរសព្ទ០១គ្រឿង រួមទាំងសម្ភារ: ថវិកា មួយចំនួនទៀត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ វង្ស ឃៀង ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះរក្សាទុកដើម្បីប្រើប្រាស់ខ្លួនឯង និងជាមួយមិត្តភក្ដិផងដែរ ។ ដោយផ្អែកលើ វត្ថុតាងជាក់ស្តែង ព្រមទាំងចម្លើយសារភាពផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងនោះ។ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តហើយដែរ ៕បន្ទាយមានជ័យ,០២/០១/០២២
អត្ថបទ: ណុប - រក្សា(២៩០១៦)