04/01/22 10:37 AM
កំពង់ឆ្នាំង៖ ក្រុមការងារចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ បាននាំគ្នាយកអំណោយជាបាយកញ្ចប់ និងថវិកាទៅចែកជូនបងប្អូនកម្មកររើសសំរាមចំនួន៣៥នាក់ នៅក្នុងសួនច្បារវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីជួយសម្រាលដល់ការខ្វះខាត និងលើកទឹកចិត្តដល់បងប្អូនកម្មករយើង ។
លោក សយ ភូរី ជាម្ចាស់អំណោយដែលជាសមាជិកក្រុមចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយមានចិត្តអាណិតអាសូរដល់បងប្អូនជាកម្មករ ដែលកំពុងប្រមូលសំរាមយ៉ាងមមាញឹកតាមសួនច្បារ ក្រោយពីបញ្ចប់បុណ្យឆ្លងឆ្នាំសកល មានសំរាមដ៏ច្រើនតាមសួនច្បារនោះ នៅព្រឹកថ្ងៃទី០៤ ខែមករា នេះ លោកនិងក្រុមគ្រួសារក៏បានចំណាយថវិកាទិញកូនជ្រូកខ្វៃកណ្ដុរ១ក្បាល ដើម្បីកាប់សាច់ដាក់កញ្ចប់ចំនួន ៣៥ និងទិញបាយចំនួន៣៥ កញ្ចប់ផងដែរ ដើម្បីយកមកចែកជូនបងប្អូនកម្មករចំនួន៣៥ ដែលខិតខំប្រមូលនៅក្នុងសួនច្បារវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង។ ជាមួយគ្នានេះដែរ លោក សយ ភូរី ក៏បានចែកថវិកា ដល់កម្មកររើសសំរាមក្នុងមួយនាក់ៗ ១ម៉ឺន រៀលទៀតផងដែរ ដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករដែលខិតខំប្រមូលសំរាមសំអាតទីក្រុងកំពង់ឆ្នាំង ឲ្យមានអនាម័យ និងមានបរិស្ថានល្អ។
បងប្អូនកម្មកររើសសំរាមក្រោយពីទទួលបានបាយកញ្ចប់ ដ៏ឆ្ងាញ់ពិសារ និងថវិកាម្នាក់ ១ ម៉ឺនរៀលនោះ ពួកគាត់ក៏បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ ១៥៧ ពិសេសលោក សយ ភូរី ជាម្ចាស់អំណោយ ដែលបានលះបង់ថវិកា ទិញបាយកញ្ចប់ ចែកជូនដល់បងប្អូនយើង ពួកគាត់សូមគោរពជូនពរដល់លោកនិងក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ ទាំងអស់សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខនិងមានជោគជ័យគ្រប់ការងារនិងតួនាទីភារកិច្ច៕