04/01/22 12:38 PM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ក្រុមការងារចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បាននាំយកអំណោយជាបាយកញ្ចប់ និងថវិកាទៅចែកជូនបងប្អូនកម្មកររើសសំរាមចំនួន ៣៥នាក់ នៅក្នុងសួនច្បារវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីជួយសម្រាលដល់ការខ្វះខាត និងលើកទឹកចិត្តដល់បងប្អូនកម្មករយើង ។
លោក សយ ភូរី ជាម្ចាស់អំណោយដែលជាសមាជិកក្រុមចលនាយុវជនកម្ពុជា ១៥៧ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយមានចិត្តអាណិត អាសូរដល់បងប្អូនជាកម្មករដែលកំពុងប្រមូលសំរាមយ៉ាងមមាញឹក តាមសួនច្បារក្រោយពីបញ្ចប់បុណ្យ ឆ្លងឆ្នាំសកល មានសំរាមដ៏ច្រើនតាមសួនច្បារនោះ នៅព្រឹកថ្ងៃទី០៤ ខែមករា នេះលោកនិងក្រុមគ្រួសារក៏បានចំណាយថវិកាទិញជ្រូកខ្វៃ ជ្រូកកណ្ដុរ១ក្បាល ដើម្បីកាប់សាច់វាដាក់ចំនួន ៣៥កញ្ចប់ និងទិញបាយចំនួន៣៥ កញ្ចប់ផងដែរ ដើម្បីយកមកចែកជូនបងប្អូនកម្មករចំនួន៣៥ នាក់ ដែលខិតខំប្រមូលសំរាមនៅក្នុងសួនច្បារវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ។ ជាមួយគ្នានេះដែរ លោក សយ ភូរី ក៏បានចែកថវិកា ដល់កម្មកររើសសំរាមក្នុងមួយនាក់ៗ ១ម៉ឺនរៀល ទៀតផងដែរ ដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករដែលខិតខំប្រមូលសំរាមសំអាតទីក្រុងកំពង់ឆ្នាំង អោយមានអនាម័យនិងមានបរិស្ថានល្អ ។
បងប្អូនកម្មកររើសសំរាមក្រោយពីទទួលបានបាយកញ្ចប់ ដ៏ឆ្ងាញ់ពិសារនិងថវិកាម្នាក់ ១ ម៉ឺនរៀលនោះ ពួកគាត់ក៏បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ ១៥៧ ពិសេសលោក សយ ភូរី ជាម្ចាស់អំណោយ ដែលបានលះបង់ថវិកា ទិញបាយកញ្ចប់ ចែកជូនដល់បងប្អូនយើង ពួកគាត់សូមគោរពជូនពរដល់លោក និងក្រុមការងារ ១៥៧ ទាំងអស់សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខនិងមានជោគជ័យគ្រប់ការងារនិងតួនាទីភារកិច្ច ៕