បុគ្គលិកកម្មករមន្ទីរសាធារណការខេត្ត កំពុងគូសគំនូសសារាចរណ៍លើផ្លូវ ជាតិលេខ៥៣ បាន ៦៥%ហើយដើម្បីសម្រួលការចរាចរណ៍ជូនប្រជាពលរដ្ឋ


ត្រលប់ក្រោយ

05/01/22 09:32 AM

ចំនួនទស្សនា៖

366

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ នៅដើមសប្តាហ៍ខែមករា ឆ្នាំ២០២២នេះ នៅលើផ្លូវជាតិលេខ ៥៣ ពីក្រុងកំពង់ឆ្នាំង ទៅកាន់ទីរួម ស្រុកទឹកផុសដែលមានចម្ងាយ៣០ គីឡូម៉ែត្រ បុគ្គលិកកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការគូសគំនូសចរាចរណ៍លើដងផ្លូវបាន ៦៥% ហើយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ បន្ទាប់ពីបានជួសជុលផ្លូវលេខ ៥៣ បានប្រមាណ ៨៥% នោះ ។


ប្រធានការិយាល័យសាធារណការ ខេត្តកំពង់ឆ្នាំង លោក អៀង ហួរ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះបាននិយាយឲ្យដឹងថា អនុវត្តតាមផែនការជួសជុលផ្លូវជាតិលេខ ៥៣ របស់មន្ទីរសាធារណការក្នុងឆ្នាំ២០២១ បុគ្គលិក និងកម្មករជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានខិតខំប្រឹងប្រែងធ្វើការជួសជុលផ្លូវជាតិលេខ ៥៣ បានយ៉ាងល្អប្រសើរ គិតមកដល់ថ្ងៃនេះគឺការជួសជុលថែទាំផ្លូវ១ខ្សែនេះបាន ៨៥ % ហើយ និងបច្ចុប្បន្ននេះបុគ្គលិកកម្មករយើង កំពុងគូសគំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវនេះ បាន៦៥ % ហើយ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ ។


លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ បានអោយដឹងថា គំនូសចរាចរណ៍លើដងផ្លូវមាន ២ ប្រភេទ គឺ១.គំនូសដាច់ៗ ជាសញ្ញាអាចឲ្យយានយន្តធ្វើការវ៉ាជែងគ្នាបាន ២.គំនូសជាប់គ្នាវែងៗ គឺជាសញ្ញាហាមមិនឲ្យយានយន្តវ៉ាជែងគ្នាឡើយ ដូចជានៅតាមផ្លូវបត់កោង និងនៅមុខមន្ទីរពេទ្យ មណ្ឌលសុខភាព ឬមុខសាលារៀនជាដើម ។

គំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវនេះមានសារៈប្រយោជន៍សំខាន់ណាស់ ដែលកំណត់អោយអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែគោរពជាចាំបាច់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជា យថាហេតុប្រសិនបើយើងមិនគោរពគំនូសសញ្ញាចរាចរណ៍ខាងលើនេះទេ ។


មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមគោរព ច្បាប់ចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍លើដងផ្លូវឲ្យបានទាំងអស់គ្នាដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ កុំឱ្យកើតមានដល់ខ្លួនយើង និងក្រុមគ្រួសារយើង៕ 


dd
Bottom Ad