មន្ត្រីស៊ីម៉ាក់សហការជាមួយមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល និងអាជ្ញាធរឃុំផ្លូវទូក គាស់យកបានអាវុធ ១១ ដើម ដែលបានកប់ទុកក្នុងសម័យសង្គ្រាម


ត្រលប់ក្រោយ

05/01/22 16:46 PM

ចំនួនទស្សនា៖

248

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ អាវុធចំនួន ១១ដើម មាន ៣ ប្រភេទ ដែលមានគុណភាពពុកផុយទៅហើយនោះ ត្រូវបានមន្ត្រីស៊ីម៉ាក់ មន្ត្រីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំ សហការគ្នាគាស់កកាយយកបាននៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីគេប្រទះឃើញកប់នៅក្នុងដីនៅចំណុចកោះកូនសៀម ស្ថិតក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។


លោក ឈួន ឈឿន មេភូមិពាមខ្នង ឃុំផ្លូវទូក បានបញ្ជាក់ឲ្យដឹងថា ការប្រទះឃើញអាវុធកប់ក្នុងដីខាងលើនេះ ដំបូងឡើយគឺក្មេងៗមួយក្រុមក្នុងភូមិបាននាំគ្នាយកឈើមកចាក់ឆ្កឹសដីលេង ហើយក៏បានប្រទះ ឃើញអាវុធដែលគេកប់នៅក្នុងដីនេះ ហើយក៏បានរត់ទៅប្រាប់ឪពុកម្ដាយ បន្ទាប់មកឪពុកម្ដាយក៏បានរាយការ ណ៍ជូនសមត្ថកិច្ចមកពិនិត្យមើលក្នុងទីតាំងខាងលើនេះ។ ករណីនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏បានចង ខ្សែហ៊ុព័ទ្ធទីតាំងកប់អាវុធខាងលើនេះ ដើម្បីស្នើសុំមន្ត្រីស៊ីម៉ាក់ចុះមកធ្វើការគាស់កាយយកតាមបច្ចេកទេស។លោកមេភូមិពាមខ្នង បានបញ្ជាក់ទៀតថា នៅចំណុចនោះកាលពីឆ្នាំមុនប្រជាពលរដ្ឋក៏បានប្រទះឃើញរណ្ដៅកប់អាវុធម្តងរួចមកហើយ កាលណោះមន្ត្រីស៉ីម៉ាក់បានចុះមកគាស់កកាយយកបានអាវុធM១៦ ចំនួន ១៣ដើម និងគ្រាប់បែក ៤គ្រាប់ផងដែរ។ ចំណែកទីតាំងកប់អាវុធប្រទះឃើញលើកក្រោយនេះ គឺមានចម្ងាយពីរណ្ដៅកប់អាវុធមុន តែ១០ម៉ែត្រប៉ុណ្ណោះ ដោយសំណូម ពរមន្ត្រីស៊ីម៉ាក់សុំយកឧបករណ៍មកររាវរកអាវុធជាតិផ្ទុះនេះផង ព្រោះខ្លាចមានអាវុធជាតិផ្ទុះកប់នៅ ក្នុងដីនេះច្រើនទៀត ដែលអាចនឹងផ្ទុះមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។


លោក អ៊ុំ សំអុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវទូក បានអោយដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានរាយការ ណ៍ជូនលោកក៏បានចុះទៅពិនិត្យដល់ទីតាំង និងបានចងខ្សែព័ទ្ធជុំវិញការពារខ្លាចក្រែងគោក្របីនិងប្រជា ពលរដ្ឋទៅប៉ះពាល់ ។


ហើយនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីស៊ីម៉ាក់បានសហការជាមួយមន្ត្រីនគរបាល នៃអធិការរដ្ឋាននគរបាលស្រុកកំពង់លែង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្លូវទូក និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជីកកកាយរកឃើញអាវុធចំនួន ១១ ដើម ដែលបានកប់ទុកកាលពីសម័យសង្គ្រាម ប៉ុន្តែអាវុធទាំងនោះមានសភាពពុកខូចអស់ទៅហើយមិនអាចប្រើប្រាស់បានឡើយ ។


អាវុធដែលគាស់បាននោះរួមមានអាវុធM៦០ ចំនួន១ ដើម, M៧៩ ចំនួន៦ដើម និងអាវុធM១៦ចំនួន ៤ដើម ត្រូវបានមន្ត្រីស៊ីម៉ាក់ធ្វើការបំផ្លាញចោល ៕


dd
Bottom Ad