13/01/22 09:46 AM
កំពង់ឆ្នាំង៖ បរិវេណសួនច្បារនៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បាននិងកំពុងសម្រុក ជួសជុលយ៉ាងសកម្មដើម្បីកែលម្អសោភ័ណភាពឡើងវិញ ត្រៀមទទួលថ្នាក់ដឹកនាំដែលត្រូវចុះមកធ្វើការក្នុងពេលខាងមុខនេះ។ ការជួសជុលកែលម្អនេះមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា គឺត្រូវជួសជុលឲ្យទាន់មុនថ្ងៃ ប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្នុងពេលខាងមុខនេះ។
មន្ត្រីមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង កំពុងធ្វើសកម្មភាពជួសជុលកែលម្អបរិវេណសួនច្បារមុខទីស្នាក់ការគណបក្ស បានឲ្យដឹងថា ការជួសជុលកែលម្អបរិវេណសួនច្បារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ គឺក្រុមហ៊ុនដែលបានចូលរួមជួសជុលរួមមាន មន្ទីរសាធារណការខេត្ត និងក្រុមហ៊ុនឯកជន១ផងដែរ ដែលបានទទួលការងារជួសជុលផ្សេងៗគ្នា ក្នុងនោះមាន ការចាក់ដីបំពេញ និងដាំស្មៅ ដាំដើមឈើ ចាក់កៅស៊ូAC ក្រាលការ៉ូឡា ជួសជុលដំបូលអគារ លាបថ្នាំ និងកែលម្អប្រព័ន្ធអំពូលភ្លើងជាដើម។ ការងារសាងសង់នេះ មានរយៈពេលមួយសប្តាហ៍មកហើយ គឺធ្វើយ៉ាងណាឱ្យបានមុនប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្នុងពេលខាងមុខនេះ៕