ប្រជាពលរដ្ឋប្រកបមុខរបរឆ្អើរត្រីលក់ ត្អូញត្អែរតម្លៃត្រីស្រស់ថ្លៃ ទិញយកមកឆ្អើរលក់ចេញមិនចំណេញឡើយ


ត្រលប់ក្រោយ

14/01/22 09:26 AM

ចំនួនទស្សនា៖

407

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រកបមុខរបរឆ្អើរត្រីលក់ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ត្រីស្លឹកឬស្សីថ្ងៃនេះក៏ដូចថ្ងៃមុនដែរនៅក្នុងខ្នើតខែបុស្សនេះ ក្នុងមួយគីឡូថ្លៃ៥,០០០ រៀល ទិញយកមកឆ្អើរលក់ចេញវិញមិនចំណេញនោះឡើយ ពួកគាត់ពិតជាជួបការខ្វះខាតជីវភាពមិនខាននោះឡើយ នៅក្នុងមុខរបស់នេះ។ 


អ៊ុំស្រីម្នាក់ជាម្ចាស់រោងត្រីឆ្អើរ បាននិយាយឲ្យដឹងថា ត្រីស្លឹកឬស្សីដែលកូនៗរបស់គាត់ទិញនៅក្នុងថ្ងៃនេះក៏ដូចជាថ្ងៃមុនៗនៅក្នុងខ្នើតខែបុស្សនេះ គឺក្នុងមួយគីឡូ មានតម្លៃចាប់ពី ៤,៥០០ទៅ ៥,០០០ រៀល ហើយនៅពេលយកមកឆ្អើរវិញនោះ ក្នុងមួយគីឡូត្រីស្រស់ បានត្រីឆ្អើរតែ៧ចង្កាក់ប៉ុណ្ណោះ។ ហើយពេលលក់ចេញវិញក្នុងពេលនេះ ត្រីឆ្អើរ១ចង្កាក់មានតម្លៃត្រឹមតែ១,០០០រៀលប៉ុណ្ណោះ។ ក្នុងនោះដែរ ត្រូវចំណាយទៅលើអុសដែលទិញមកឆ្អើរត្រីក្នុង១ម៉ែត្រគូប ២ម៉ឺនរៀល បូកនឹងថ្លៃឈ្នួលកម្មកររៀបដោតត្រីស្រស់ក្នុង ១០០ចង្កាក់ ថ្លៃ ៦,០០០ រៀលទៀតនោះ គឹលក់ត្រីឆ្អើរចេញមិនចំណេញនោះឡើយ។


ស្ត្រីវ័យចំណាស់ខាងលើនេះ បានបញ្ជាក់ឲ្យដឹងទៀតថា បើនៅក្នុងខែរនោចម៉ូយទិញត្រីឆ្អើរ ឱ្យតម្លៃត្រីឆ្អើរថោកបែបនេះទៀត រូបគាត់និងកូនៗនៅឆ្នាំក្រោយ ប្រហែលជាត្រូវឈប់លក់មុខរបរនេះទៀតហើយ ព្រោះខិតខំចំណាយថវិកា និងកម្លាំងពលកម្មខាតទទេ មិនទទួលផលចំណេញនោះឡើយ។


ដោយឡែកស្ត្រីឈ្មោះ សុភា កំពុងដោតត្រីស្រស់ជាចង្កាក់ៗ ដើម្បីយកទៅហាលថ្ងៃឲ្យស្ងួត ត្រៀមនឹងដាក់ឆ្អើរនោះបាននិយាយឲ្យដឹងថា ក្នុងមួយថ្ងៃនាងអាចដោតត្រីស្រស់បានចំនួន ៤០០ចង្កាក់ ដែលអាចទទួលប្រាក់កម្រៃ ចំនួន ២៤,០០០រៀលក្នុងមួយថ្ងៃៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។ ប៉ុន្តែបើម្ចាស់រោងឆ្អើរត្រីឈប់ប្រកបមុខរបស់នេះ ពួកគាត់ក៏ជួបការលំបាកក្នុងការរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ ។


ទាក់ទងនឹងមុខរបរឆ្អើរត្រីលក់នេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក៏ធ្លាប់អំពាវនាវដល់ម្ចាស់រោងឆ្អើរត្រីទាំងអស់ នៅគ្រប់មូលដ្ឋាន សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែងដែលអាចនឹងបង្កឲ្យមានគ្រោះអគ្គីភ័យខូចខាតទ្រព្យសម្បត្តិផងដែរ បើយើងមិនប្រុងប្រយ័ត្ននោះ។ ជាក់ស្តែង ដូចជានៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ កាលពីខែមុននេះក៏មានគ្រោះអគ្គិភ័យឆេះរោងត្រីឆ្អើរដ៏ធំមួយ ខូចខាតត្រីឆ្អើររាប់ម៉ឺនចង្កាក់គិតជាប្រាក់អស់រាប់ម៉ឺនដុល្លារ៕



dd
Bottom Ad