14/01/22 10:30 AM
កំពង់ឆ្នាំង៖ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា តាមការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យនៅព្រឹកថ្ងៃទី១៣ ខែមករា នៅក្នុងភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច មានប្រជាពលរដ្ឋប៉ះពាល់ដោយផ្ទាល់៥នាក់ និងប្រយោលចំនួន៩នាក់ជាមួយប្ដីប្រពន្ធ២នាក់មានវិជ្ជមានកូវីដ-១៩អូមេក្រុង នៅធ្វើការក្នុងទីក្រុងភ្នំពេញ និងដែលបានមកលេងផ្ទះម្តាយក្នុងស្រុកកំពង់ត្រឡាច ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ដោយបុរសប្តី និងប្រពន្ធ២នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យខេត្តកណ្ដាល ធ្វើតេស្តរហ័ស និងតេស្តម៉ាស៊ីន PCR រកឃើញវិជ្ជមានជំងឺកូវីដ-១៩ អូមេក្រុង កាលពីថ្ងៃទី១១ ខែមករា។ តាមការស្រាវជ្រាវឲ្យដឹងថា បុរសប្ដីប្រពន្ធពីរនាក់នេះ នៅថ្ងៃទី១១ និង ១២ ខែមករា បានទៅលេងផ្ទះនៅម្តាយនៅក្នុងភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ទើបមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន ១៤ នាក់នៅក្នុងមូលដ្ឋានខាងលើនេះ។
ចំពោះវិធានការ គឺក្រុមគ្រូពេទ្យយើង បានយកសំណាកអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន ៥ នាក់ នៅផ្ទះស្ត្រីជាម្តាយអ្នកមានវិជ្ជមានកូវីដ-១៩ អូមេក្រុង ឈ្មោះ ជា អេង អាយុ៥៧ ឆ្នាំ រស់នៅក្នុងភូមិកាអត ឃុំពានី រួមនិងអ្នកប៉ះពាល់ដោយប្រយោល ៩ នាក់ទៀត ប៉ុន្តែជាលទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងនេះក្តី ក្រុមគ្រូពេទ្យ អាជ្ញាធរ និងសមត្ថកិច្ចស្រុកកំពង់ត្រឡាចបានដាក់អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំង ១៤ នាក់ ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅផ្ទះសាម៉ីខ្លួនដោយផ្ទាល់ តាមវិធានការ ក្រសួងសុខាភិបាល ក្រោមការការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អូមីក្រុងនេះចូលក្នុងសាគមន៍ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមប្រុងប្រយ័ត្នដោយត្រូវចូលរួមទាំងអស់គ្នាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំ និង ៣ ការពារឲ្យបានខ្ជាប់ខ្ជួន និងជាពិសេសត្រូវទៅចាក់វ៉ាក់សាំងកូវីដដូសទី២ ឬទី៣ ឱ្យបានទាំងអស់គ្នាតាមពេលវេលាកំណត់ចាប់ពីថ្ងៃទី១៨ ខែមករានេះតទៅ នៅតាមមន្ទីរពេទ្យ និងបណ្ឌលសុខភាពនានាក្នុងក្រុងស្រុកនៃខេត្តកំពង់ឆ្នាំង៕