17/01/22 10:58 AM
(កំពង់ឆ្នាំង)៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាស សមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ថា៖ យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹង ឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការថែរក្សា ការពារសុខសន្តិភាព នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តម បានធ្វើការរំលឹកថា គណៈបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ ប្រជាពលរដ្ឋកម្ពុជា បានចំនួនបីដងធំៗរួចមកហើយ រួមមាន ទី១ ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុលពត, ទី២ ការជួយពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទី៣ ការយកឈ្នះ លើសមរភូមិកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៍ខ្លី ដោយ សម្តេចតេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវតាមរយៈការពិចារណា វិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាន់ពេលវេលាទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងបន្ត ស្រោចស្រពវ៉ាក់សាំង ដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។ ទាំងនេះ គឺជាសមិទ្ធិផលដ៍មិនអាចកាត់ថ្លៃបាន ដែលប្រមុខដឹកនាំគណៈបក្សប្រជាជន និងសមាជិក សមាជិកា បានខិតខំប្រឹងប្រែងលើសពីការងារស្នូលរបស់ខ្លួន ក្នុងបុព្វហេតុការពារអាយុ ជីវិតពលរដ្ឋ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ឯកឧត្តម ប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតស រសើរនូវគំរូវីរភាព របស់យុវជន ជំនាន់មុន ដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ព្យាយាម និងក្តីសង្ឃឹមព្រមទាំងមានចក្ខុវិស័យ និងការផ្តួចផ្តើមខ្ពស់ ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹត បែកបាក់ ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិ គួរជាទីមោទនៈ ។ ដូច្នេះ ជាយុវជនជំនាន់ក្រោយ ត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំជំនាន់មុន ដើម្បីពង្រឹង និងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាព ប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិ មាតុភូមិ និង ប្រជាជន ។
ក្នុងឧិកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមនឹងឯកឧត្តម លោកជំទាវ លោក-លោកស្រី មួយចំនួនទៀតជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង៕